សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្តាញ​សាកលវិទ្យាល័យសាយប័រកម្ពុជាដោយបញ្ជាក់ពីគោលបំណង៤សំខាន់ៗ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ​បណ្តាញ​សាកលវិទ្យាល័យសាយប័រកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក) គឺជាកិច្ចប្រឹងប្រែងថ្មីមួយទៀតរបស់រាជរដ្ឋា​ភិបាល​កម្ពុជា ដែលមានក្រសួងអប់រំយុវជន និងកីឡា ជាសេនាធិការ ដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជាឱ្យស្របតាម​ការ​រីកចម្រើនផ្នែកបច្ចេកវិទ្យា។

សម្តេចមហាបវរធិបតីបានបន្តថា បណ្តាញសាកលវិទ្យាល័យសាយប័រ មានការចូលរួមពីគ្រឹះស្ថានឧត្ដមសិក្សានានានៅក្នុងប្រទេសកម្ពុជារួមមាន៖ ១៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ២៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៣៖ សាកលវិទ្យាល័យស្វាយរៀង ៤៖ សាកលវិទ្យាល័យជាតិបាត់ដំបង ៥៖ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ៦៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ៧៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង ៨៖ សាកលវិទ្យាល័យជាស៊ីមកំចាយមារ ៩៖ សាកលវិទ្យាល័យក្រចេះ ១០៖ វិទ្យាស្ថានគរុកោសល្យបាត់ដំបង ១១៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និង ១២៖ សាកលវិទ្យាល័យអង្គរ។

សម្ដេចបន្ថែមថា កិច្ចការសំខាន់របស់បណ្តាញសាកលវិទ្យាល័យសាយប័រ គឺរៀបចំការសិក្សា និងបង្រៀនតាមប្រព័ន្ធអនឡាញ ឬប្រព័ន្ធឌីជីថល ជាទម្រង់ (Platform) មួយសម្រាប់និស្សិតទាំងអស់អាចចូលរួមទទួលបានចំណេះដឹង និងរៀនតាមប្រព័ន្ធឌីជីថលនេះ ហើយសាកលវិទ្យាល័យដែលពាក់ព័ន្ធនឹងថតជាវីដេអូបង្រៀន និងរៀនផ្សេងទៀតដើម្បីដាក់ចូលទៅក្នុងទម្រង់ (Platform) នោះ។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា ក្នុងន័យនេះ ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា មានគោលបំណងដូចជា៖ ១៖ បន្តនិរន្តរភាពនៃការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងក្រោយពេលមានវិបត្តិ ២៖ ពង្រឹងគុណភាពនៃការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ដោយប្រើប្រាស់នូវថ្នាលអប់រំឌីជីថលរួមគ្នា និងចែករំលែកការប្រើប្រាស់ ឱ្យអស់លទ្ធភាពនូវធនធានហេដ្ឋារចនាសម្ព័ន្ធ និងធនធានសិក្សាក្នុងចំណោមសាកលវិទ្យាល័យជាសមាជិក ៣៖ ផ្តល់លទ្ធភាពក្នុងការផ្ទេរឥណទានសិក្សារវាងសាកលវិទ្យាល័យជាសមាជិក និង ៤៖ បើកចំហធនធានសិក្សាទៅកាន់អ្នកសិក្សាក្នុងតំបន់ និងសាកលលោក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយក្នុងបញ្ចកោណទី៥ ផ្តោតសំខាន់លើ «បច្ចេកវិទ្យាឌីជីថល» ក៏ដូចជាការឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ហើយក្រសួងអប់រំ យុវជន និងកីឡា បាន និងកំពុងគាំទ្រយ៉ាងពេញទំហឹងដល់បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា ព្រមទាំងគោលដៅក្នុងការចងក្រងសាកលវិទ្យាល័យនានា ដើម្បីដោះស្រាយគម្លាតនៃការអប់រំ និងភាពបត់បែនដល់និស្សិត ស្របតាមនិន្នាការសេដ្ឋកិច្ច និងសង្គមឌីជីថល៕

 

អត្ថបទដែលជាប់ទាក់ទង