លោក ម៉ឹង យូឡេង ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវាចម្លង ដរចម្លង និងជំរុញឲ្យម្ចាស់អាជីវកម្មដរចម្លងអនុវត្តតាមសារាចរណែនាំរបស់ក្រសួងសាធារណការ
កណ្ដាល៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល និងសហការី នៅព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវាចម្លង ដរចម្លង និងជំរុញឲ្យម្ចាស់អាជីវកម្មដរចម្លងអនុវត្តឲ្យបានពេញលេញតាមសារាចរណែនាំលេខ០០១ សក.សរ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក ម៉ឹង យូឡេង បានចែកអាវពោងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងអ្នកដំណើរឆ្លងទៅមកនៅកំពង់ចម្លងផ្សារស្អាងព្រែកតូច ចំនួន១០០អាវពោង។
លោកប្រធានមន្ទីរបានជំរុញអប់រំផ្សព្វផ្សាយសារាចរណែនាំបន្ថែមដើម្បីពង្រឹងរក្សាសុវត្ថិភាពនាវា-ទូកចម្លងដឹកអ្នកដំណើរលេខ ០០១ សក.សរ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៤ ដេីម្បីធានាសុវត្ថិភាពអាយុជីវិត១០០% ជូនបងប្អូនប្រជាពលរដ្ឋប្អូនៗកូនក្មួយជាសិស្សានុសិស្ស និងបង្ការហានិភ័យគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ នៅរដូវទឹកឡើងនេះ។
គួរក្នុងពិធីខាងលើ ក៏មានការចូលរួមពីអាជ្ញាធរស្រុកស្អាង កងកំលាំង ម្ចាស់កំពង់ចម្លង លោកនាយកសាលា ក្រុមកាយរិទ្ធ ប្អូនៗ សសយក និងសិស្សានុសិស្សនៃវិទ្យាល័យហ៊ុនសែនស្អាង ជាច្រើននាក់ទៀត៕