សម្ដេច យ៉ន សេងយៀត ត្រូវបានតែងតាំងជា «ព្រះចៅអធិការវត្តឧណ្ណាលោម»
ភ្នំពេញ៖ សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ត្រូវបានតែងតាំងជា «ព្រះចៅអធិការវត្តឧណ្ណាលោម» បន្តពីសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាក្រកម្ពុជា។
គួរជម្រាបថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាក្រកម្ពុជាបានធ្វើជា ព្រះចៅអធិការចាប់តាំងពីឆ្នាំ១៩៧៩ ដល់២០២៤ ដែលទ្រង់បានយាងចូលព្រះទិវង្គត កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ព.ស.២៥៦៧ (ឆ្នាំ២០២៤) នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។ គិតត្រឹម ព.ស.២៥៦៨ នេះ វត្តឧណ្ណាលោមមានអាយុកាល៥៨២ឆ្នាំហើយ។
គួររំលឹកថា សម្ដេចព្រះបរមរាជា (ពញាយ៉ាត) ទ្រង់បានត្រាស់បង្គាប់ឲ្យគេកសាងវត្តចំនួន៦ (វត្តកោះ វត្តលង្កា វត្តព្រះពុទ្ធឃោសាចារ្យ វត្តពាមផ្លុង វត្តឧណ្ណាលោម វត្តខ្ពបតាយ៉ងឬ វត្តបុទុមវតី) នៅក្នុងឆ្នាំ ១៤៤២។
គួរជម្រាបថា ឈ្មោះឧណ្ណាលោម គឺយកតាមឈ្មោះចេតិយ៍ធំឬប្រាសាទបុរាណ ដែលមានឈ្មោះថា ឧណ្ណាលោម (រោមប្រជុំចិញ្ចើម គឺរោមដែលដុះត្រង់ប្រជុំនៃចិញ្ចើមទាំងពីរ ផ្សេងគ្នាពីរោមចិញ្ចើមប្រក្រតី)ដែលជាកន្លែងបញ្ចុះ រោមចិញ្ជើម របស់ព្រះអរហន្តព្រះនាមអស្សជិតត្ថេរ ដែលស្ថិតនៅក្នុងបរិវេណវត្តនាពេលបច្ចុប្បន្ន។
ប្រវត្តិនៃព្រះចៅអធិការវត្តនេះ ភាគច្រើនគឺមានគោរម្យ៍ងារទីជា សម្ដេច ដែលដឹកនាំវត្តកន្លងមក រួមមានសម្ដេចព្រះមហាសង្ឃរាជ និល ទៀង សម្ដេចព្រះសង្ឃរាជ ជួន ណាត សម្ដេចព្រះសង្ឃរាជ ហួត តាត និង សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស។
គួរបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ននេះ សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត គឺជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះបាឡាត់គណរាជធានីភ្នំពេញ។ ព្រះអង្គគឺជាអតីតលេខាផ្ទាល់ និង ជាអ្នកបកប្រែភាសារបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាអស់រយៈកាលប្រមាណ២០ឆ្នាំផងដែរ៕