សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ ក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ ដឹកនាំដោយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
សមាគមត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយគិតមកដល់ពេលបច្ចុប្បន្ននេះ មានអាយុកាល ១៨ ឆ្នាំ ឬ ៦អាណត្តិមកហើយ។ សមាគមបានចូលរួមដល់ការលើកកម្ពស់តម្លៃសីលធម៌សង្គមរបស់សិល្បករខ្មែរ ដើម្បីរក្សាឱ្យបាននូវកិត្តិយសស័ក្តិសមជាសិល្បករ សិល្បការិនីតំណាងជាតិ តាមរយៈការអភិរក្ស អភិវឌ្ឍន៍សិល្បៈវប្បធម៌ជាតិ និងចងក្រងសមាជិកដែលជាកម្លាំងស្នូល។
សមាគមបានរកៀរគរសប្បុរសជន និងអ្នកមានលទ្ធភាព ដើម្បីជួយដល់ការលើកស្ទួយសិល្បៈ និងវប្បធម៌ ជាពិសេស គឺស្វែងរកធនធាន សម្រាប់ការបណ្តុះបណ្តាល និងដុសខាត់សមត្ថភាពយុវសិល្បករ ឱ្យបង្កើតនូវស្នាដៃសិល្បៈថ្មីៗ។
សមាគមសិល្បករខ្មែរ បានរួមចំណែកអភិរក្ស ផ្សព្វផ្សាយ លើកកម្ពស់ និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ជាតិ ជួយគាំពារជីវភាពសិល្បករចាស់ជរា ឬបាត់បង់សមត្ថភាពសម្តែង ក៏ដូចជាចូលរួមក្នុងកិច្ចការសង្គម និងមនុស្សធម៌ ស្របតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល៕