ឯកឧត្ដម គួច ចំរើន បានណែនាំមន្ត្រីរាជការនៃរដ្ឋបាលខេត្តកណ្ដាលទាំងអស់ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ និងភាពស្អាតស្អំក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ

កណ្ដាល៖ ឯកឧត្ដម គួច ចំរើន បានណែនាំដល់ដល់មន្ត្រីរាជការនៃរដ្ឋបាលខេត្តកណ្ដាលទាំងអស់ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ និងភាពស្អាតស្អំរបស់មន្ត្រី ក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដោយត្រូវចាត់វិធានការម៉ឺងម៉ាត់ ក្នុងការដាក់ទណ្ឌកម្មចំពោះមន្ត្រីណា ដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬ រំលោភអំណាច ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ត្រូវយកចិត្តទុកដាក់ពិនិត្យនូវរាល់បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយ និងឆ្លើយតប ឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងយុត្តិធម៌។

ការណែនាំរបស់ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលថ្មីនៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំអាគារB សាលាខេត្តកណ្ដាលក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលខេត្តកណ្ដាល បន្ទាប់ពីឯកឧត្ដមទើបតែបានចូលកាន់តំណែងជាអភិបាលខេត្តកណ្ដាលបាន២ថ្ងៃប៉ុណ្ណោះ។

ឯកឧត្ដមអភិបាលបានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីរាជការ នៃរដ្ឋបាលខេត្តកណ្ដាលត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសការផ្តល់សេវាសាធារណៈ ដែលជាកិច្ចការអាទិភាពចម្បង ក្នុងកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលត្រូវបន្តលើកកម្ពស់ទាំងគុណភាព និងប្រសិទ្ធភាព គឺធ្វើឱ្យបានកាន់តែរហ័ស និងងាយស្រួល សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមគោលការណ៍ស្តង់ដា បែបបទ និងនីតិវិធីជាធរមាន។

ឯកឧត្ដមក៏បានណែនាំដល់កងកម្លាំងទាំង៣ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត បន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា៖ ពិសេស សកម្មភាព លួច, ឆក់, ប្លន់, ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនខុសច្បាប់, ល្បែងស៊ីសងខុសច្បាប់, ការជួញដូរមនុស្សតាមគ្រប់ទម្រង់ និងសកម្មភាពក្មេងទំនើង ព្រមទាំងគិតគូរត្រៀមវិធានការ និងមធ្យោបាយនានា ក្នុងការបង្ការ និងពន្លត់អគ្គិភ័យផងដែរ៕

អត្ថបទដែលជាប់ទាក់ទង