ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា, ឯកឧត្តម វ៉ី សំណាង ចុះសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌ចែកជូនរងគ្រោះដោយសារខ្យល់កន្ត្រាក់១៥គ្រួសារ

តាកែវ៖  ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងសហការី សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃពុធទី១០ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនពុកម៉ែ មាមីង បងប្អូនចំនួន២ភូមិ ស្មើនឹង ១៥គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ ស្ថិតនៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។

គួរជម្រាបជូនថា ឯកឧត្តមអភិបាលខេត្តបានអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម បានផ្ដាំផ្ញើ និងលើកទឹកចិត្តចំពោះពុកម៉ែ មាមីងបងប្អូន សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការបំរែបំរួលអាកាសធាតុផែនដី ដូចជាខ្យល់កន្ត្រាក់ ផ្គររន្ទះ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងអគ្គីភ័យ ដែលអាចកើតមានឡើងជាយថាហេតុ។

ឯកឧត្តមបានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកជូននាពេលនេះ មានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាករបបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» និង«ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»៕

អត្ថបទដែលជាប់ទាក់ទង