រដ្ឋមន្ត្រីមហាផ្ទៃណែនាំអភិបាលខេត្តស្ទឹងត្រែងថ្មីត្រូវទប់ស្កាត់រាល់បទល្មើសរំលោភកាន់កាប់ដីរដ្ឋ ព្រៃឈើ និងការបំផ្លិចបំផ្លាញសម្បត្តិធម្មជាតិ
ស្ទឹងត្រែងថ្មី៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំអភិបាលខេត្តស្ទឹងត្រែងថ្មីត្រូវបន្តដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ការដោះស្រាយជម្លោះដីធ្លី ការទប់ស្កាត់រាល់បទល្មើសរំលោភកាន់កាប់ដីរដ្ឋ ព្រៃឈើ និងការបំផ្លិចបំផ្លាញសម្បត្តិធម្មជាតិ កំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ការដឹកនាំ ការគ្រប់គ្រង និងរបៀបរបបបំពេញការងារ។
ការណែនាំរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងពិធីប្រកាសចូលកាន់តំណែងឯកឧត្ដម សរ សុពុត្រា ជាអភិបាលខេត្តស្ទឹងត្រែង ជំនួសឯកឧត្ដម ស្វាយ សំអ៊ាង ដែលត្រូវបានតែងតាំងជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា បានផ្ដល់អនុសាសន៍ និងគោលការណ៍ណែនាំគន្លឹះៗ ទៅកាន់អភិបាលខេត្តស្ទឹងត្រែងថ្មី ឯកឧត្ដម សរ សុពុត្រា ឲ្យបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបា យ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការគ្រប់គ្រង និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ឧបនាយករដ្ឋមន្ដ្រីអភិសន្តិបណ្ឌិតក៏បានណែនាំដល់រដ្ឋបាលខេត្តស្ទឹងត្រែង យកចិត្តទុកដាក់ដឹកនាំការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ពិសេសការចរាចរណ៍ឆ្លងកាត់ព្រំដែន ពង្រឹងការធានាសុវត្ថិភាពម្ហូបអាហារ និងឱសថ ពិសេសការអប់រំ និងបញ្ចៀសកុំឲ្យកុមារតូច ទទួលទានអាហារផ្អែមច្រើនលើសកម្រិត ពិនិត្យលទ្ធភាពឈានទៅកាត់បន្ថយ និងបញ្ចប់ការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង តាមទីសាធារណៈ ពង្រឹងគុណភាពសេវាផ្សេងៗ រួមទាំងសេវាអត្តសញ្ញាណកម្ម និងបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានល្អជាមួយអាជ្ញាធរជាប់ព្រំដែន៕