លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ដឹកនាំកម្លាំងចូលរួមពិធីសូត្រមន្តប្រោសព្រំសិរីសួស្តីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

កណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលដឹកនាំកម្លាំងអមដំណើរឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលចូលរួមពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ នារសៀលថ្ងៃទី១៤មេសា ឆ្នាំ២០២៣នេះ។

គួរជម្រាបជូនថា ពិធីនេះ មានការនិមន្តព្រះសង្ឃសូត្រធម៌ប្រោសព្រំសព្វសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការ ក្រោមឱវាទរដ្ឋបាលខេត្តទាំងអស់ ដើម្បីសូមសេចក្តីសុខចម្រើន និងសូមឲ្យទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា ឲ្យបានសេចក្តីសុខសប្បាយគ្រប់ទីកន្លែង និងឧទ្ទិសបុណ្យកុសលជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន និងជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិផងដែរ។

គួរជម្រាបជូនបន្ថែមថា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចុះបញ្ជាដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទការពារសន្តិសុខសុវត្តិភាព ថែរក្សាសណ្តាប់ធ្នាប់របៀបរៀបរយ ជូនប្រជាជន ក្នុងព្រឹត្តិការណ៍សង្រ្កាន្ដខេត្តកណ្តាល ភ្នំព្រះរាជទ្រព្យ ដែលជារមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រ ភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ នាឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណី រយៈពេល៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣។ ជាមួយគ្នានេះ លោកស្នងការក៏បានរៀបចំរថយន្តពន្លត់អគ្គិភ័យគឺត្រៀម២៤/២៤ម៉ោង ដើម្បីអន្តរាគមន៍ជួយសង្គ្រោះ ប្រជាពលរដ្ឋបានទាន់ពេលវេលា ខណៈដែល មានហានិភ័យ កើតឡើងជាយថាហេតុ ណាមួយ៕

អត្ថបទដែលជាប់ទាក់ទង