នាយករដ្ឋមន្ត្រីនៃកម្ពុជាបញ្ជាឱ្យទេសាភិបាលធនាគារជាតិនៃកម្ពុជាត្រូវធ្វើការបន្ទាន់ជាមួយបណ្តាធនាគារឯកជនទាំងអស់ ឱ្យទម្លាក់ចោលលក្ខខណ្ឌ ដែលតម្រូវឱ្យកាត់ទឹកចំពោះលុយដុល្លារដែលមានដាច់រហែក ឬប្រឡាក់តិចតួច
សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ បញ្ជាឱ្យលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ត្រូវធ្វើការបន្ទាន់ជាមួយបណ្តាធនាគារឯកជនទាំងអស់ ឱ្យទម្លាក់ចោលលក្ខខណ្ឌ ដែលតម្រូវឱ្យកាត់ទឹកចំពោះលុយដុល្លារដែលមានដាច់រហែក ឬប្រឡាក់តិចតួច។ សម្តេចសង្កត់ធ្ងន់ថា ការទម្លាក់ចោលលក្ខខណ្ឌនេះ គឺដើម្បីកុំឱ្យភ្ញៀវទេសចរ ដែលមកកម្សាន្តនៅកម្ពុជាប៉ះពាល់អារម្មណ៍ ហើយថាករណីនេះជាករណីតិចតួច តែអាចបង្កជាបញ្ហាធំ។
សម្តេចបានថ្លែងថា «យប់មិញខ្ញុំបានទូរស័ព្ទទៅលោកជំទាវទេសាភិបាលធនាគារជាតិនៃកម្ពុជា ឱ្យធ្វើការឱ្យខ្ញុំភ្លាម ហើយសុំឱ្យធនាគារពាណិជ្ជ ធនាគារឯកជនចូលរួមផង រឿងលុយដុល្លារពិបាកយក បើលុយក្លែងក្លាយ និងលុយខ្ទេចខ្លាំងរឿងមួយ ពេលខ្លះគ្រាន់តែ ដាច់បន្តិចក៏មិនយក បើយកត្រូវកាត់ទឹក ដល់អីចឹងពិបាកកន្លែងលក់ដូរ គាត់យកអត់បាន ព្រោះធនាគារកាត់ទឹក អីចឹងគាត់ត្រូវកាត់ទឹកពីភ្ញៀវដែរ ភ្ញៀវរអ៊ូហេតុអីមានលុយមកចាយ ក៏លំបាកម៉្ល៉េះ ឥឡូវខ្ញុំសុំឱ្យធ្វើម៉េច លោកជំទាវធ្វើការជាមួយធនាគារ សុំទម្លាក់លក្ខខណ្ឌនេះ»។
សម្តេចបញ្ជាក់ថា បើលុយខ្ទេចខ្លាំង ឬលុយក្លែងក្លាយអនុវត្តន៍ចុះ ប៉ុន្តែបើលុយដែលដាច់បន្តិច ឬប្រឡាក់បន្តិច ក៏កាត់ទឹកដែរនោះ គឺប៉ះពាល់ដល់បងប្អូនអាជីវកររបស់យើង និងប៉ះពាល់ដល់ភ្ញៀវទេសចរ។
សម្តេចបន្តថា ទេសចរណ៍ទាក់ទងនឹងការធ្វើបដិសណ្ឋារកិច្ច ចាប់ពីភ្ញៀវចុះពីលើយន្តហោះ រហូតដល់ឡើងយន្តហោះទៅវិញដោយរលូន ដូច្នេះត្រូវធ្វើឱ្យណាទទួលភ្ញៀវឱ្យបានល្អ កុំធ្វើឱ្យខ្ទាស់ចិត្តភ្ញៀវ។
សម្តេចបន្ថែមថា ចំពោះករណីនេះ បើធនាគារជាតិសម្របសម្រួលជាមួយធនាគារឯកជនមិនបាន សម្តេចនឹងចូលធ្វើការផ្ទាល់ជាមួយធនាគារឯកជន សម្តេចនឹងធ្វើរឿងនេះឱ្យបាន។ សម្តេចក៏បានណែនាំឱ្យធនាគារជាតិនៃកម្ពុជា រៀបចំស្តង់ដារនៃប្រើប្រាស់លុយដុល្លារ ដែលមានការដាច់រហែកឱ្យបានច្បាស់លាស់ ដើម្បីបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់៕