មេប៉ូលិសខេត្តកណ្ដាលបញ្ជាឲ្យតាមចាប់ក្រុមក្មេងទំនើងបង្ហោះម៉ូតូបាន៥នាក់ហើយ ខណៈម្នាក់កំពុងរត់គេចខ្លួន

កណ្ដាល៖ ដោយអនុវត្តតាមបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី១៧,១៨ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងជំនាញក្រុងតាខ្មៅ ស្រាវជ្រាវបង្រ្កាបករណីក្មេងទំនើងបង្ហោះម៉ូតូកាលពីវេលាម៉ោង១៤៖៣០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុច តាមផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ឈានដល់ការឃាត់ខ្លួនបានចំនួន ៥នាក់ ក្នុងចំណោមបក្សពួក៦នាក់។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ។

ប្រភពបន្តថា ក្រុមជនសង្ស័យដែលបានឃាត់ខ្លួន៖ ១៖ ឈ្មោះ ជួប រតនៈដេតវិសាល ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញត្រូវបានឃាត់ខ្លួនជាម្ចាស់ម៉ូតូម៉ាក Suzuki Nex និងជាអ្នកអង្គុយខាងក្រោយជួយអុកម៉ូតូឱ្យបះឡើងដែលធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល ០១ឆ្នាំ ករណីធ្វើឱ្យខូចខាតដោយចេតនា បង្កឡើងដោយក្មេងទំនើង។ ២៖ ឈ្មោះ ហួរ សុអមរិន្ទ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ៣៖ ឈ្មោះ សែន ចំរ៉ុងរង្សី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ៤៖ ឈ្មោះ មាស ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មាទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខែត្តកណ្តាលជាអ្នកជិះតាមថតវីដេអូបង្ហោះ។ ៥៖ ឈ្មោះ ណាត រដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។និងដោយឡែកឈ្មោះ រ័ក្ស ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលបានរត់គេចខ្លួនជាអ្នកបើកម៉ូតូ Suzuki Nex បង្ហោះជាមួយឈ្មោះ ជួប រតនៈដេតវិសាល។

ប្រភពបន្តថា វត្ថុតាងចាប់យកមាន៖ ម៉ូតូ ០១គ្រឿងម៉ាក Suzuki Nex ស៊េរីឆ្នាំ២០២៤ ពណ៌ស+ខៀវ មានផ្លាកលេខភ្នំពេញ 1KU-0090 ជារបស់ឈ្មោះ ជួប រតនៈដេតវិសាល។

ប្រភពបានបន្តឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៤៖៣០នាទី មានក្មេងទំនើងចំនួន០៦នាក់ខាងលើ បានជិះម៉ូតូចំនួន ០៣គ្រឿង មានម៉ាក Honda Dream C125 ចំនួន ០២គ្រឿងនិង Suzuki Nex ពណ៌ស+ខៀវ ស៊េរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេល 1KU-0090 ០១គ្រឿង តាមផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ពេលនោះមានក្មេងទំនើង ០២នាក់គឺឈ្មោះ រ័ក្ស ដែលជិះម៉ាក Suzuki Nex ឌុបឈ្មោះ ជួប រតនៈដេតវិសាល បាននាំគ្នាលើកម៉ូតូបង្ហោះចំណែកក្មេងទំនើង ០៤នាក់ទៀតហែរហម ហើយយកទូរស័ព្ទថតបង្ហោះចូលក្នុងបណ្តាញសង្គម Facebook។ លុះមកដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក៏ត្រូវកម្លាំងនគរបាលក្រុងតាខ្មៅ ចុះស្រាវជ្រាវរហូតឃាត់ខ្លួនបាន ០២នាក់ និងចាប់យកម៉ូតូដែលបានជិះបង្ហោះ។ រហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឪពុកម្តាយជនសង្ស័យចំនួន ០៣នាក់ ឈ្មោះ ណាត រដ្ឋា ,ឈ្មោះ មាស ឧត្តម និងឈ្មោះ សែន ចំរ៉ុងរស្សី បាននាំកូនរបស់គាត់ចូលមកសារភាពនៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធីតែម្តង។

ប្រភពខាងលើបញ្ជាក់ថា តាមការសាកសួរក្រុមក្មេងទំនើងទាំង ០៥នាក់ បានឆ្លើយថា ពួកគាត់ទាំង ០៥នាក់ ពិតជាបាននាំគ្នាបង្ហោះម៉ូតូលេងប្រាកដមែន។

គួរជម្រាបថា បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង