អភិបាលខេត្តកណ្ដាលណែនាំដល់រដ្ឋបាលក្រុងសំពៅពូនត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ប្រកបដោយភាពម៉ឺងម៉ាត់បំផុតលេីការការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន
កណ្ដាល៖ ឯកឧត្ដម គួច ចំរើន ណែនាំដល់រដ្ឋបាលក្រុងសំពៅពូនត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ប្រកបដោយភាពម៉ឺងម៉ាត់បំផុតលេីការការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន។
ការណែនាំរបស់ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាក្រុងសំពៅពូនក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលក្រុងសំពៅពូន ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាលផងដែរ។
ឯកឧត្ដមបានជម្រុញឲ្យធ្វើការចុះបញ្ជីដីធ្លីជាប្រព័ន្ធដេីម្បីងាយស្រួលក្នុងការគ្រប់គ្រងខ្សែបន្ទាត់ព្រំដែន នឹងអាចឈានទៅបង្កេីតជាផ្លូវខ្សែក្រវ៉ាត់ព្រំដែន។
អភិបាលខេត្តក៏បានណែនាំឲ្យខិតខំចលនាប្រជាពលរដ្ឋផ្តល់ការរាយការណ៍មកកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធនឹងបញ្ហាអសន្តិសុខ ដោយផ្តល់ការសម្របសម្រួល ភាពងាយស្រួល និងការសម្ងាត់ជូនប្រជាពលរដ្ឋដែលបានរាយការណ៍ ហើយត្រូវចាត់ទុកថា ប្រជាពលរដ្ឋគឺជាអ្នករាយការណ៍ដ៏សំខាន់រាល់ភាពអសន្តិសុខទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តមក៏បានលើកទឹកចិត្តដល់ សង្កាត់ ឬប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលទទួលបានបណ្តឹងពីប្រជាពលរដ្ឋច្រេីនជាងគេ គឺជាអង្គភាពដែលបានផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។
ឯកឧត្ដមអភិបាលខេត្តបានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយបន្តការខិតខំប្រឹងប្រែង សហការល្អជាមួយមន្ទីរជំនាញពាក់ព័ន្ធ ដេីម្បីរក្សាបាននូវសុខសុវត្ថិភាព ស្ថេរភាព សេចក្ដីសុខជូនប្រជាពរដ្ឋដែលជាកត្តាទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគមកកាន់មូលដ្ឋានក្រុងរបស់ខ្លួន។
ឯកឧត្ដមសង្កត់ធ្ងន់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លេីការបង្រ្កាប ទប់ស្កាត់ និងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងចំពោះបទល្មេីសគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនេីង និងគ្រោះថ្នាក់ចរាចរណ៍ អោយមានប្រសិទ្ធភាពខ្ពស់ ជាមួយគ្នានេះត្រូវដឹកនាំមន្រ្តីជំនាញរដ្ឋបាលបម្រេីសេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យបានល្អប្រសេីរ ក្នុងន័យនេះចៅសង្កាត់ មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ស្មៀនសង្កាត់ ត្រូវបង្កេីនសកម្មភាពបម្រេីសេវាសាធារណៈជូនប្រជាពលរដ្ឋ ពិសេសការផ្តល់លិខិតអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ឬទីកន្លែងប្រារព្ធពិធីផ្សេងៗ៕