បង្ក្រាបមុខសញ្ញាជាជនជាតិចិនបាន២នាក់ ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤វេលាម៉ោង១៦៖២០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១១) សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញដឹកនាំ និងសម្របសម្រួលដោយលោក ខា ដែនណា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្ដាល បានចុះស្រាវជ្រាវស៊ើបអង្កេតតាមដានមុខសញ្ញាស្ថិតនៅចំណុចផ្សារគគីរ ផ្លូវជាតិលេខ១ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ហើយក៏ពន្លាតដែនដីមករាជធានីភ្នំពេញរហូតមកចាប់ខ្លួនជនល្មើសម្នាក់ នៅចំណុចស្ពានកោះនរាណ៍ សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បន្ទាប់មកកម្លាំងជំនាញបន្តឃាត់ខ្លួនបានជនល្មើសម្នាក់ទៀតនៅចំណុចផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

កម្លាំងជំនាញចាប់ខ្លួនជនល្មើសចំនួន០២នាក់រួមមាន៖ ១-ឈ្មោះ ថាវ វួយ (TAO WEI) ភេទប្រុស ជនជាតិចិន អាយុ៤១ឆ្នាំនិង២-ឈ្មោះ ហ៊ើ សុងហ្វឹង (HE XIONGFENG) ភេទប្រុស ជនជាតិចិន អាយុ៤២ឆ្នាំ

វត្ថុតាង និងសម្ភារៈចាប់យកបានរួមមាន៖ សារធាតុញៀនប្រភេទកេតាមីន (Ketamine) សរុបចំនួន ២០០៧៨៤.៩៣ក្រាម (២០០គីឡូ ៧៨៤.៩៣ក្រាម)។ រថយន្តចំនួន ០២គ្រឿង និងទូរស័ព្ទដៃចំនួន ០២គ្រឿង។

បច្ចុប្បន្នជនល្មើសទាំង២នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅសាលាដំបូង ខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិវិធី៕

 

អត្ថបទដែលជាប់ទាក់ទង