ចាប់ឃុំខ្លួនមេប៉ុស្ដិ៍នគរបាលរដ្ឋបាលអ្នកលឿងនិងបក្ខពួក៨នាក់ទៀតដាក់ពន្ធនាគារខេត្តព្រៃវែងពីបទជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ព្រៃវែង៖ លោក អៀ ហាំងឡេង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែងបានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនឈ្មោះ យ៉ែម រ៉ាន់យ៉ា ហៅរ៉ាន់ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរៈ៖នគរបាល (នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលអ្នកលឿង) មានទីកន្លែងកំណើត និងទីលំនៅ បច្ចុប្បន្ននៅភូមិ០៣ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែងដាក់ពន្ធនាគារខេត្តព្រៃវែងពីបទ «ជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន»។ នេះបើតាមដីកាបង្គាប់ឱ្យឃុំខ្លួនចុះហត្ថលេខាដោយលោក អៀ ហាំងឡេង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែងដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ។

នៅក្នុងដីកាបង្គាប់ឱ្យឃុំខ្លួនបានបញ្ជាក់ថា យើង អៀ ហាំងឡេង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែង បានឃើញ មាត្រា ២០៦, មាត្រា២១៩ ដល់មាត្រា ២២២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ , បានឃើញ សំណុំរឿងព្រហ្មទណ្ឌលេខ៥៦៤ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ របស់ សាលាដំបូងខេត្តព្រៃវែង។ បានឃើញ ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ៣៨៧/២៤អ.យ.ង ចុះថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២៤ របស់តំណាងអយ្យការអមសាលាដំបូងខេត្តព្រៃវែង។ បានឃើញ សំណុំរឿងស៊ើបសួរលេខ៣៩១ មខ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ របស់ សាលាដំបូងខេត្តព្រៃវែង។ ដែលទាក់ទងនិងជនត្រូវចោទ៖ នាមត្រកូល-នាមខ្លួន យ៉ែម រ៉ាន់យ៉ា ហៅរ៉ាន់ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ សាសនាព្រះពុទ្ធ កម្រិតវប្បធម៌៖ថ្នាក់ទី១២ មុខរបរៈ៖នគរបាល មានទីកន្លែងកំណើត និងទីលំនៅ បច្ចុប្បន្ននៅភូមិ០៣ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ឃាត់ខ្លួននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។

ប្រភពបញ្ជាក់បន្ថែមថា ជននោះត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទៈ ជួញដូរ, ចាត់ចែង និងប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចហាងKTV ផ្កាកុលាប ស្ថិតនៅភូមិ០៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៧ និង៣០នាទី បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤០ មាត្រា៤២ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ បានឃើញ ដីកាសម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្នលេខ ២០៦ ដស.ព្រទ/២៤ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។ហេតុដូច្នេះសម្រេច៖ ១-បញ្ជាឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទ ដែល មានឈ្មោះ យ៉ែម រ៉ាន់យ៉ា ហៅរ៉ាន់ ទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួនខេត្តព្រៃវែង ដោយអនុវត្តឱ្យបាន។ ២-បង្គាប់ឱ្យប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួន ខេត្តព្រៃវែង ទទួលជននេះ និងឃុំជននេះ រហូតដល់ មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។ ៣-បង្គាប់ឱ្យគ្រប់ភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់នៅពេលត្រូវបានបង្ហាញដីកានេះ សហការ អនុវត្តឱ្យបានល្អនៅក្នុងករណីចាំបាច់។

គួរជម្រាបថា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំអ្នកលឿង និងបក្ខពួកសរុបចំនួន៨នាក់ទៀតត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តសហការជាមួយអធិការដ្ឋាននគរបាលស្រុកពាមរក៍ចាប់ខ្លួននិងបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង