អភិបាលខេត្តកណ្ដាលជំរុញឱ្យមន្ទីរអប់រំ និងមន្ទីរសាធារណៈការត្រូវដោះស្រាយជាបន្ទាន់បញ្ហាលិចទឹកនៅតាមសាលារៀនជាទីតាំងមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនានាក្នុងក្រុងតាខ្មៅ
កណ្តាល៖ ឯកឧត្តម គួច ចំរើន បានជំរុញឱ្យ អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ជាពិសេសមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តត្រូវមានវិធានការដោះស្រាយជាបន្ទាន់ បញ្ហាលិចទឹកនៅតាមសាលារៀន ពិសេសសាលារៀនជាទីតាំងមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនានា ក្នុងក្រុងតាខ្មៅ ពេលខាងមុខនេះ។
ការជំរុញរបស់ឯកឧត្តមអភិបាលខេត្តកណ្ដាលក្នុងពិធីសម្ពោធជាផ្លូវការ សាលារៀនវ៉េស្ទឡាញន៍ សាខាទី១១ និងសាលាភាសាលីដឺលែន សាខាទី២ ក្រុងតាខ្មៅ កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តមបានបញ្ជាក់ថា ដោយសារតែរដូវនេះជារដូវវស្សា បណ្ដាលឱ្យមានការជនលិចជាពិសេសនៅតាមសាលារៀន ក៏ដូចជាតាមលំនៅឋានប្រជាពលរដ្ឋទូទៅ ជាហេតុធ្វើឱ្យសិស្សានុសិស្សពិបាកក្នុងការសិក្សា ហើយបញ្ហាដែលគួរឱ្យបារម្ភមួយទៀតនោះ គឺការជនលិចអាចចំថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិតែម្ដង ដូច្នេះដើម្បីបញ្ជៀសនៅបញ្ហាទាំងនេះ មន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវពន្លឿនការតបណ្តាញលូរំដោះទឹក ពីក្នុងវិទ្យាល័យ ហ៊ុន សែនសេរីភាព និងវិទ្យាល័យផ្សេងៗទៀតដែលជាមណ្ឌលប្រឡង ក្នុងក្រុងតាខ្មៅ។
ឯកឧត្តមបានបន្ថែមថា ជាការត្រៀមទុក្ខក្នុងករណីចាំបាច់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវត្រៀមម៉ាស៊ីនបូមទឹក ដើម្បីបូមរំដោះទឹកចេញឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ធ្វើយ៉ាងណាអាចបញ្ជៀសបាននូវការជនលិចក្នុងក្រុងតាខ្មៅ និងសាលារៀនផងដែរ។
អភិបាលខេត្តបន្តថា ដោយសារតែការអភិវឌ្ឍ កំណើនមនុស្ស និងសំណង់អគារ បានធ្វើឱ្យប្រព័ន្ធលូរំដោះទឹកដែលមានពីមុន មិនអាចឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្នបាន ដែលបញ្ហានេះតម្រូវឱ្យ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវផ្តល់ទិន្នន័យរបាយទឹកភ្លៀង ទំហំផ្ទៃរងទឹកភ្លៀងដែលនៅមានក្នុងខេត្ត រួមជាមួយ ថេរៈវេលា លំហូរទឹកភ្លៀង ដើម្បីយកមកដាក់ក្នុងកិច្ចប្រជុំ ដើម្បីរួមគ្នាពិភាក្សារកដំណោះស្រាយមានប្រសិទ្ធភាព៕