រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី ដើម្បីរក្សាស្ថិរភាពនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជារួម ជាពិសេសបន្តរក្សានិរន្តរភាពការងារដល់កម្មករ ព្រមទាំងលើកកម្ពស់លទ្ធភាពដល់ប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យម អាចមានលទ្ធភាពទិញលំនៅឋានតម្លៃសមរម្យបាន។

សេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែមេសានេះឱ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវវិធានការបន្ថែមជាកញ្ចប់ មានដូចជា បន្តពន្យារពេលការអនុវត្តការបង់ពន្ធជាកញ្ចប់ តាមដំណាក់កាលរហូតដល់ដំណាច់ឆ្នាំ២០២៤ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបាន និងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍ លំនៅឋានដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ផ្តល់ដោយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។

ដោយឡែក ក្រុមហ៊ុនដែលបាន និងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលគ្មានអាជ្ញា-បណ្ណអាជីវកម្មអចលនវត្ថុ ត្រូវរួសរាន់ចុះបញ្ជីគម្រោងរបស់ខ្លួន ដើម្បីទទួលបានអាជ្ញាបណ្ណអាជីវកម្ម អចលនវត្ថុ ស្របតាមនីតិវិធីជាធរមានពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំយ៉ាងយូរត្រឹមដំណាច់ឆ្នាំ ២០២៣ ដើម្បីទទួលបានការបន្តការបង់ពន្ធជាកញ្ចប់រហូតដល់ដំណាច់ឆ្នាំ ២០២៤។

ទន្ទឹមនោះ បង្កើនរយៈពេលនៃការបង់ពន្ធជាកញ្ចប់ តាមដំណាក់កាល១២ខែ ដល់ ១៨ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបង់ពន្ធតិចជាង ១ លានដុល្លារអាមេរិក និងពី ២៤ខែដល់ ៣៦ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបង់ពន្ធលើសពី ១ លានដុល្លារអាមេរិក និងក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរីថ្មី ឬក្រុមហ៊ុនដែលមានគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលមិនទាន់អភិវឌ្ឍត្រូវបង់ពន្ធ ស្របតាមនីតិវិធីជាធរមាន (របបពិត) និងត្រូវកាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ។

សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ទៀតថា បន្តពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធន សម្រាប់តែវិស័យអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ ២០២៤ និងបន្តការលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ដែលមានតម្លៃក្រោម ឬស្មើ ៧ម៉ឺនដុល្លារអាមេរិក រហូតដល់ដំណាច់ឆ្នាំ២០២៤។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលលើកទឹកចិត្ត និងស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធ្វើការរៀបចំឥណទានឡើងវិញ តាមលទ្ធភាពជាក់ស្ដែងរបស់គ្រឹះស្ថាន ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងការព្រមព្រៀងរវាងគ្រឹះស្ថាន និងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី និងលើកលែងការផាកពិន័យផ្សេងៗ ចំពោះគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ប៉ុន្តែក្រុមហ៊ុនអភិវឌ្ឍន៍ចាំបាច់ត្រូវបំពេញកាតព្វកិច្ច ស្របតាមប្រកាសស្ដីពី «ការគ្រប់គ្រងអាជីវ-កម្មអភិវឌ្ឍអចលនវត្ថុ»។

គួរឱ្យដឹងដែរថា ទោះបីសកម្មភាពសង្គម-សេដ្ឋកិច្ចកម្ពុជាបាន និងកំពុងបើកឡើងវិញជាបណ្តើរៗ តាមគន្លងប្រក្រតី- ភាពថ្មីក៏ដោយ បច្ចុប្បន្នដូចបណ្តាប្រទេសនានា ការកើនឡើងនូវភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាព សេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល នៅតែជាក្តីកង្វល់ដ៏ធំចំពោះកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសហានិភ័យនៃការងើបឡើងវិញ យឺតជាងការព្យាកររបស់សេដ្ឋកិច្ចសកល ការកើនឡើងនូវភាពតានតឹងនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ការរឹតបន្តឹងយូរជាងការរំពឹងទុកនៃគោលនយោបាយរូបិយវត្ថុ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ការបន្តរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល និងការកើនឡើងនូវភាពតានតឹង នៃវិស័យហិរញ្ញវត្ថុសកលជាដើម៕

 

អត្ថបទដែលជាប់ទាក់ទង