កម្លាំងនគរបាលខណ្ឌដង្កោ​សហការជាមួយកម្លាំងផ្នែកចារកម្មក្រសួងមហាផ្ទៃ​ចុះបង្ក្រាបជនសង្ស័យជនជាតិចិនបង្ខាំងជម្រិតទារប្រាក់

ភ្នំពេញ៖ នៅថ្ងៃអាទិត្យទី១៦ ខែមេសា ឆ្នាំ២០២៣ វេលា​ម៉ោង​១២និង០២នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោបានចុះសហការជាមួយកម្លាំងចារកម្មក្រសួងមហាផ្ទៃ ដឹកនាំដោយ លោកឧត្តសេនីយ៍ទោ ប៉ែន ច័ន្ទសុខខេមរិទ្ធ អនុប្រធាននាយដ្ឋាន ដោយមានការអញ្ជើញចូលរួមពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្កើតគណៈកម្មការចម្រុះ ដើម្បីបើកទូដែកនៅចំពោះមុខ ជនសង្ស័យឈ្មោះ TIAN HENG WEI ភេទប្រុសអាយុ ៣៨ឆ្នាំ ជនជាតិចិនលិខិតឆ្លងដែនលេខ EH19311219 ដែលសង្ស័យករណី បង្ខាំងជម្រិតទារប្រាក់ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។

នេះបើតាមប្រភពព័ត៌មានដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។

ទាក់ទិនករណីខាងលើនេះ លោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោពុំបានប្រាប់ពីព័ត៌មានលម្អិតជុំវិញការចុះបង្ក្រាបនោះទេ ប៉ុន្តែលោកឲ្យលេខទូរស័ព្ទខាងមន្ត្រីចារកម្មក្រសួងមហាផ្ទៃដើម្បីទំនាក់ទំនងទៅវិញ។

បច្ចុប្បន្ននេះ​ ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ចូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង