ដកបញ្ឈរជើងមន្ត្រីចរាចរណ៍ដែលផាកវិន័យលើរថយន្តបត់ស្តុបពណ៌បៃតងត្រង់ស្ពានអាកាសតិចណូ
ភ្នំពេញ៖ បន្ទាប់ពីមានការផ្សព្វផ្សាយទាក់ទងនឹងមន្ត្រីចរាចរណ៍ចំនួន០៣រូបបានហៅឃាត់រថយន្តដែលបត់ស្តុបពណ៌បៃតងត្រង់ស្ពានអាកាស៥មករាកាលពីប៉ុន្មានសប្តាហ៍កន្លងទៅ ពេលនេះត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហៅមកសួរនាំ អប់រំ និងបានដកបញ្ឈរជើងដោយឱ្យមកបម្រើការនៅការិយាល័យបុគ្គលិកវិញ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា បន្ទាប់ពីសាកសួររួចមកមន្ត្រីទាំង០៣រូបបានសារភាពកំហុស និងបានទទួលស្គាល់កំហុសដែលបានប្រព្រឹត្ត ដោយបានហៅឃាត់រថយន្តម៉ាក់ Lexus RX300 ពេលភ្លើងសញ្ញាចរាចរណ៍ ពណ៌បៃតង ពិតប្រាកដមែន។
មន្ត្រីចរាចរណ៍ចំនួន០២រូប និងមន្ត្រីកិច្ចសន្យាមួយរូបត្រូវបានអនុវត្តវិន័យកងកម្លាំងដោយធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងដកមកបញ្ឈរជើងហើយត្រូវបង្ហាញមុខនៅការិយាល័យបុគ្គលិកជារៀលរាល់ថ្ងៃម៉ោងធ្វើការ ព្រមទាំងចេញលិខិតព្រមានជាលើកទីមួយ ក្នុងការអនុវត្តខុសពីច្បាប់ដែលបានកំណត់។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រីករាយ និងស្វាគមន៍ចំពោះពលរដ្ឋដែលជួបបញ្ហាដូចនេះ បន្តរាយការណ៍មកស្នងការ ក្នុងករណីមានមន្ត្រីរូបណាដែលអនុវត្តខុសពីការណែនាំ ឬផ្ទុយពីច្បាប់ដែលបានកំណត់៕