ប៉ូលីសក្រុងអរិយក្សត្របានចាប់ឃាត់ខ្លួនអ្នកកាន់កាប់អាវុធសម្រាប់ប្រហារដោយគ្មានច្បាប់អនុញ្ញាតបាន៣នាក់ ខណៈសាលាដំបូងខេត្តកណ្ដាលសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្ត

កណ្ដាល៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រកាលពីវេលាម៉ោង១៩៖៣០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ពាក់ព័ន្ធករណីកាន់កាប់អាវុធសម្រាប់ប្រហារដោយគ្មានច្បាប់អនុញ្ញាត នៅចំណុចតាមបណ្តោយផ្លូវ ស្ថិតនៅ ភូមិវាលធំ សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

ជនសង្ស័យ៖ ១-ឈ្មោះ លុក ប៊ុនណា ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងតំឡើងគ្រឿងម៉ូតូ មានទីលំនៅបច្ចុប្បន្ន: ភូមិបាំងបាត់ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ តេស្តិ៍ទឹកនោមរកសារធាតុញៀនអវិជ្ជមាន, ២-ឈ្មោះ ទឺ សីហា ហៅ ហា អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងតំឡើងគ្រឿងម៉ូតូ មានទីលំនៅ ភូមិវាលធំ សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ តេស្តិ៍ទឹកនោមរកសារធាតុញៀនអវិជ្ជមាននិង៣-ឈ្មោះ សុខ ភារ័ត្ន ភេទ ប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សមានទីលំនៅ ភូមិវាលធំ សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។តេស្តិ៍ទឹកនោមរកសារធាតុញៀនអវិជ្ជមាន។

វត្ថុតាងដែលប៉ូលីសចាប់យកបានមាន៖ ១៖ ម៉ូតូម៉ាក Honda Winner X ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ1IX-9671 ចំនួន ០១គ្រឿង។ ២៖ ទូរស័ព្ទម៉ាក Oppo ពណ៌ខ្មៅ ចំនួន ០១គ្រឿង។ ដោយបានចាប់យកពីជនសង្ស័យឈ្មោះ លុក ប៊ុនណា, ៣៖ ដាវកែឆ្នៃ ចំនួន ០១ ដើម។ និង៤៖ ទូរស័ព្ទម៉ាក Iphone 11 ពណ៌ស្វាយ ចំនួន០១គ្រឿង។ ចាប់យកពីជនសង្ស័យឈ្មោះ ទឺ សីហា។

ប្រភពបានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឧកញ៉ាអុង បានធ្វើការចេញល្បាត នៅចំណុចម្តុំពោធិមាស ដើម្បីឃ្លាំមើលមុខសញ្ញាក្មេងទំនើង ដោយសារប្រជាពលរដ្ឋផ្តល់ពត៌មានថា យប់ៗឡើងច្រើនតែមានក្មេងជិះម៉ូតូមកប្រមូលផ្តុំគ្នានៅក្នុងវត្តពោធិមាស ពេលល្បាតដល់មុខវត្តពោធិមាស ស្ថិតនៅភូមិវាលធំ សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ក៏បានឃើញជនសង្ស័យជិះម៉ូតូចំនួន០១គ្រឿង ម៉ាក Honda Winner X ជិះឌុបគ្នាចំនួន០៣នាក់ចេញពីក្នុងវត្ត ដោយមានការសង្ស័យថាជាមុខសញ្ញាក្មេងទំនើង  ទើបសមត្ថកិច្ចបានហៅម៉ូតូជនសង្ស័យឲ្យឈប់ដើម្បីសាកសួរ ប៉ុន្តែជនសង្ស័យមិនបានឈប់នោះទេ និងបានព្យាយាមបើកម៉ូតូគេច បានបន្តិចក៏ត្រូវបានសមត្ថកិច្ចឃាត់ជាប់ ហើយបានត្រួតពិនិត្យឃើញមានដាវកែឆ្នៃចំនួន ០១ដើម លាក់ទុកនៅក្រោមកែបម៉ូតូរបស់ជនសង្ស័យ បន្ទាប់មកសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ មានឈ្មោះ លុក ប៊ុនណា ឈ្មោះ ទឺ សីហា និងឈ្មោះ សុខ ភារ័ត្ន យកមកធ្វើការសាកសួរ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកណ្ដាលថា៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងខេត្តកណ្តាល បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ២៨០៨ អ.ក ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានជនត្រូវចោទចំនួន ០៣ នាក់គឺ៖ ១.ឈ្មោះ លុក ប៊ុនណា ភេទប្រុស អាយុ២៥ឆ្នាំ ២.ឈ្មោះ ទី សីហា ភេទប្រុស អាយុ១៨ឆ្នាំ ៣.ឈ្មោះ សុខ ធារ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវចោទប្រកាន់ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅភូមិវាលធំ សង្កាត់ពាមឧកញ៉ាអុង ក្រុង អរិយក្សត្រ ខេត្តកណ្តាល កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។

នៅសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យទៅលើឯកសារ និងភស្តុតាងនានាដែលមាននៅក្នុងសំណុំរឿង ចៅក្រមស៊ើបសួរនៃ សាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទ៖ ១.ឈ្មោះ លុក ប៊ុនណា ២.ឈ្មោះ ទី សីហា ៣.ឈ្មោះ សុខ ធារ័ត្ន នៅពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង