ប្រឡាយព្រៃទទឹង នៅចំណុចផ្លូវជាតិលេខ៣ ឃុំត្រពាំងវែងត្រូវបានគេលួចចាក់ដីលុប ខណៈលោកចៅហ្វាយស្រុកកណ្ដាលស្ទឹងថា ករណីហ្នឹងយូរហើយ ពាក់ព័ន្ធការសម្រេចរបស់មេមុន បីបួនឆ្នាំហើយ!

កណ្ដាល៖ ប្រឡាយព្រៃទទឹងដែលជាប្រឡាយរបស់រដ្ឋបច្ចុប្បន្នត្រូវបានគេប្រទះឃើញថា ត្រូវបានគេចាក់ដីលុបអស់ប្រមាណជាជាង១០០ម៉ែត្រហើយ នៅចំណុចផ្លូវជាតិលេខ៣ ភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។

បើតាមប្រភពបានឲ្យដឹងទៀតថា ប្រឡាយព្រៃទទឹងនៅចំណុចខាងលើនេះ ត្រូវបានគេឃុបគិតគ្នាលួចលុបយូរហើយ ខ្លះថា លុបដើម្បីយកធ្វើជាសួនច្បារ ខ្លះទៀតថា ដើម្បីងាយស្រួលលក់ដីឡូតិ៍របស់ម្ចាស់ដីឡូតិ៍ដែលនៅជាប់ចិញ្ចើមប្រឡាយខាងលើនេះ ហើយករណីខាងលើនេះ លោក អ៊ូច សាវឿន អភិបាលស្រុកកណ្ដាលស្ទឹងក៏បានដឹង ហើយក៏បានអនុញ្ញាតឲ្យម្ចាស់លក់ដីឡូតិ៍ចាក់ដីលុបផងដែរ។

ពាក់ព័ន្ធករណីខាងលើនេះ លោក អ៊ូច សាវឿន អភិបាលស្រុកកណ្ដាលស្ទឹងបានប្រាប់ឲ្យបណ្ដាញសារព័ត៌មាន The Mirror News ដឹងថា «អូរ ករណីហ្នឹង យូរហើយតើបង ពាក់ព័ន្ធការសម្រេចរបស់មេមុន ដូចជាប៉ុន្មានឆ្នាំហើយ បីបួនឆ្នាំហើយ ពាក់ព័ន្ធករណីហ្នឹង វាលុបហើយដាក់លូហា៎ ខ្ញុំឃើញ ករណីហ្នឹង ករណីហ្នឹងយូរហើយតើបង កន្លែងនៅខាងក្រោមផ្លូវជាតិលេខ៣ ព្រំប្រទល់អន្លង់រមៀតហើយនឹងត្រពាំងវែងហា៎»

ទាក់ទិនករណីលួចចាក់ដីលុបប្រឡាយព្រៃទទឹងខាងលើនេះ ថ្នាក់ដឹកនាំខេត្តកណ្ដាល១រូបបានប្រាប់ឲ្យដឹងដែរថា លោកនឹងឲ្យប្រធានមន្ទីរធនធានទឹកចុះទៅពិនិត្យសិក្សាសិន៕

អត្ថបទដែលជាប់ទាក់ទង