លោកជំទាវ កុយ សុដានី៖ គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធកម្មផែនការសកម្មភាពអាទិភាពក្នុងវិស័យសាធារណការ គឺជាយន្តការរួមក្នុងការតម្រង់ទិស និងជំរុញប្រសិទ្ធភាពនៃការអនុវត្តភារកិច្ចទាំងឡាយ

ភ្នំពេញ៖ លោកជំទាវ កុយ សុដានី បានគូសបញ្ជាក់ថា «គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធកម្មផែនការសកម្មភាពអាទិភាពក្នុងវិស័យសាធារណការ និងដឹកជញ្ជូន គឺជាយន្តការរួមក្នុងការតម្រង់ទិស និងជំរុញប្រសិទ្ធភាពនៃការអនុវត្តភារកិច្ចទាំងឡាយ ដូចមានកំណត់នៅក្នុងផែនការសកម្មភាពអាទិភាពដែលអង្គភាពក្រោមឱវាទក្រសួងបានដាក់ចេញ ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញអំពីការទទួលខុសត្រូវ ក្របខ័ណ្ឌពេលវេលា និងវឌ្ឍនភាពក៏ដូចជាលទ្ធផលនៃការអនុវត្តផែនការសកម្មភាពអាទិភាពទាំងនោះ សម្រាប់គោរពរាយការណ៍ជូន ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យ និងដាក់ចេញនូវវិធានការកែលម្អការអនុវត្ត ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់»។

ការគូសបញ្ជាក់របស់លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើ «សេចក្តីព្រាងគោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធកម្មផែនការសកម្មភាពអាទិភាពក្នុងវិស័យសាធារណការ និងដឹកជញ្ជូន» ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង លោក លោកស្រីដែលជាសិក្ខាកាមមកពីអគ្គនាយកដ្ឋាន មន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥ រាជធានី-ខេត្ត និងសហគ្រាសសាធារណៈក្រោមឱវាទក្រសួង សរុបប្រមាណ ១៥០រូប។

លោកជំទាវរដ្ឋលេខាធិការប្រចាំការបានលើកឡើងថា សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងធ្វើការពិនិត្យ និងប្រមូលធាតុចូល ក៏ដូចជាមតិយោបល់ថ្មីៗបន្ថែមទៀតពីគ្រប់អង្គភាពក្រោមឱវាទក្រសួង ដើម្បីធ្វើការកែលម្អ និងបំពេញបន្ថែមសំដៅធានាឱ្យការរៀបចំ «សេចក្តីព្រាងគោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធកម្មផែនការសកម្មភាពអាទិភាពក្នុងវិស័យសាធារណការ និងដឹកជញ្ជូន»  កាន់តែមានភាពល្អប្រសើរ គ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាននាពេលខាងមុខប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងគណនេយ្យភាព។

គួរជម្រាបថា សិក្ខាសាលានេះត្រូវបានរៀបចំដោយអនុលោមតាមខ្លឹមសារណែនាំដូចមានកំណត់យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ និងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលត្រូវបានសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីអនុម័តជាផ្លូវការនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤៕

 

អត្ថបទដែលជាប់ទាក់ទង