អ.ដ.ក ជួយសម្រុះសម្រួលផ្សះផ្សាបានយ៉ាងជោគជ័យករណីវិវាទដីធ្លីរ៉ាំរ៉ៃ និងស្មុគស្មាញដែលអូសបន្លាយអស់រយៈពេលជាង៣០ឆ្នាំ
ភ្នំពេញ៖ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ង៉ាក់ ប៊ុនធី,លោក លី សុភាព និងលោក ម៉ែន វណ្ណរិទ្ធ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃ មួយករណីនៅរាជធានីភ្នំពេញ បានដោយជោគជ័យ។
វិវាទដ៏រ៉ាំរ៉ៃនេះកើតឡើងតាំងពីឆ្នាំ១៩៩២ របស់ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង លើទីតាំងដីវិវាទ ស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ដើមហេតុ គូភាគីធ្លាប់បានសហការគ្នាទិញដី ដើម្បីបើករបរអាជីវកម្មរួមគ្នា ប៉ុន្តែក្រោយមកគូភាគីបានបែកអាជីវកម្មពីគ្នា ដែលនាំឲ្យកើតវិវាទលើការបែងចែកចំណែកដីជាង ២ ហិកតា។ វិវាទដីធ្លីនេះ ធ្លាប់ត្រូវបានគូភាគីព្យាយាមរកដំណោះស្រាយនៅស្ថាប័នមានសមត្ថកិច្ចជាច្រេីន និងធ្លាប់បានប្តឹងផ្តល់ទៅតុលាការ រហូតមានការសម្រេចពីតុលាការ តែមិនទាន់អាចដោះស្រាយបញ្ចប់វិវាទដ៏ស្មុគស្មាញនេះបាន។ ក្រោយមក នៅអំឡុងខែកក្កដា ឆ្នាំ២០២៤ នេះ ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យបណ្តឹងមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។
អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី។
គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ៕