បុរសម្នាក់បានលួងលោមក្មេងស្រីជាអនីតិជនរួមភេទបាន៨ដង បែកគំនិតលួចថត និងគំរាមទារលុយពីជនរងគ្រោះជាថ្នូរមិនបង្ហោះរូបភាពអាក្រាតកាយនិងវិដែអូ ត្រូវបានកម្លាំងPMខេត្តកណ្ដាលចាប់ញាត់គុក!
កណ្ដាល៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងកម្លាំងមូលដ្ឋាលកងរាជអាវុធហត្ថក្រុងសំពៅពូនបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន១នាក់ពាក់ព័ន្ធករណីរួមភេទជាមួយអនីតិជនអាយុក្រោមអាយុ ១៥ឆ្នាំជាច្រើនលើកច្រើនសារ និងបានលួចថត រួចបានធ្វើការគំរាមទារប្រាក់ពីជនរងគ្រោះជាច្រើនលើក ចាប់ពី ១៥ដុល្លារ ទៅ២០ដុល្លារ ពេលខ្លះឈានដល់១០០ដុល្លារ និងបានលួចយកគណនី facebook របស់ជនរងគ្រោះ ហើយបានផ្ញើរូបអាក្រាតកាយរបស់ជនរងគ្រោះទៅអ្នកដែលស្គាល់ជនរងគ្រោះជាង១០នាក់ និងបានយករូបភាពជនរងគ្រោះដាក់លើប្រូហ្វាល់តេឡេក្រាម ដើម្បីលក់វិដេអូទៅឱ្យមនុស្សផ្សេងៗជាច្រើននាក់ទៀតផង។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ។
ពាក់ព័ន្ធករណីខាងលើនេះ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីម្តាយជនរងគ្រោះ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងមូលដ្ឋាលកងរាជអាវុធហត្ថក្រុងសំពៅពូន ក្រោមការដឹកនាំនិងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល បានបញ្ជាឲ្យកម្លាំងលោកមេបញ្ជាការរង ទូច អុីណាន ដឹកនាំកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត យ៉ាងហ្មត់ចត់ គ្រប់ជ្រុងជ្រោយ តាមជំនាញគួបផ្សំបទពិសោធន៍របស់មន្ត្រីជំនាញ ជាបន្តបន្ទាប់ទើបយើងកំណត់បានមុខសញ្ញា និងបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបាននៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ចំណុចលើផ្លូវជាតិលេខ ២១B ស្ថិតនៅ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។
តាមប្រភពព័ត៌មានឲ្យដឹងទៀតថា ជនរងគ្រោះឈ្មោះ ច ណរ ភេទស្រី អាយុ១៥ឆ្នាំ ជាជនជាតិខ្មែរ រស់នៅក្រុងសំពៅពូន ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ ស កដ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើងរោងចក្រ មានទីលំនៅស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវបានឃាត់ខ្លួនជាមួយវត្ថុតាង និងសម្ភារៈមាន៖ ម៉ូតូ ០១គ្រឿងម៉ាក Honda Dream C 125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1LE -៨១១២ និងទូរស័ព្ទដៃម៉ាក IPHONE X ពណ៌ស ០១គ្រឿង។
បើតាមប្រភពព័ត៌មានពីមន្ត្រីជំនាញបានឲ្យ The Mirror News ដឹងថា ជនសង្ស័យ និងជនរងគ្រោះបានស្គាល់គ្នាតាមរយៈ facebook ក្នុងអំឡុងខែតុលាឆ្នាំ២០២៣ ក្រោយមកបានស្រលាញ់គ្នាជាសង្សារ លុះដល់ខែវិច្ឆិកា ឆ្នាំ២០២៣ ជនសង្ស័យបានមកធ្វើការនៅក្រុមហ៊ុនជាមួយនិងជនរងគ្រោះ ហើយក្រោយមកក៏បានឈប់ធ្វើការវិញ ប៉ុន្តែពេលធ្វើការជាមួយគ្នាជនរងគ្រោះនិងជនសង្ស័យធ្លាប់បានរួមភេទជាមួយគ្នាចំនួន០៨លើក ចាប់ខែមីនា ឆ្នាំ២០២៤ ដល់ខែសីហា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលរបស់ជនសង្ស័យ។ ហើយពេលដែលខលវីដេអូតាម facebook ជាមួយជនរងគ្រោះម្ដងៗជនសង្ស័យតែងតែឲ្យជនរងគ្រោះស្រាតអាក្រាតកាយដើម្បីបង្ហាញឲ្យខ្លួនមើលហើយជនសង្ស័យតែងតែលួចថតជាវីដេអូទុកក្នុងទូរស័ព្ទជានិច្ច ពេលដែលនៅទំនាក់ទំនងជាសង្សារជាមួយគ្នា ជនសង្ស័យតែងតែជេរប្រមាថជនរងគ្រោះ រហូតដល់ខែសីហា ឆ្នាំ២០២៤ ជនរងគ្រោះទ្រាំនឹងទង្វើររបស់ជនសង្ស័យលែងបាន ក៏សុំជនសង្ស័យបែកគ្នា តែជនសង្ស័យមិនព្រមបែក ហើយតែងតែខល និងឆាតតាម faceebook គំរាមទារប្រាក់ពីជនរងគ្រោះជាច្រើនលើក ក្នុងមួយលើកៗចាប់ពី ១៥ដុល្លារទៅ ២០ដុល្លារ ពេលខ្លះឈានដល់ ១០០ដុល្លា ដោយគំរាមជនរងគ្រោះថា បើមិនអោយ គេនឹងបង្ហោះរូបភាព និងវីដេអូដែលគេបានលួចថត។ ជនសង្ស័យបានលួចយកគណនី facebook របស់ជនរងគ្រោះហើយបានផ្ញើរូបអាក្រាតកាយរបស់ជនរងគ្រោះទៅអ្នកដែលស្គាល់ជនរងគ្រោះជាង១០នាក់ រួចមកហើយថែមទាំងយករូបភាពជនរងគ្រោះដាក់ប្រូហ្វាល់តេឡេក្រាម ដើម្បីលក់វិដេអូទៅឱ្យមនុស្សផ្សេងៗជាច្រើននាក់ទៀត។ លុះដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ជនសង្ស័យបានគំរាមជនរងគ្រោះម្ដងទៀត ដោយទារប្រាក់ពីជនរងគ្រោះចំនួន ១៥០ដុល្លារ ដោយទ្រាំលែងបានជនរងគ្រោះក៏បានប្រាប់រឿងទាំងអស់ទៅម្តាយឲ្យដឹង ពេលនោះម្តាយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសំពៅពូនដើម្បីឲ្យជួយអន្តរាគមន៍។
បច្ចុប្បន្ន ជនសង្ស័យត្រូវកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្ដាលបានអនុវត្តតាមនីតិវិធីច្បាប់ ដោយបានបញ្ជូនជនល្មើសទៅដាក់ពន្ធនាគារខេត្តកណ្ដាលតាមដីកាសម្រេចឲ្យឃុំខ្លួនបណ្ថោះអាសន្នរបស់សាលាដំបូងខេត្តកណ្ដាលហើយ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាលក៏បានអំពាវនាវនិងសូមផ្តាំផ្ញើដល់ ឪពុកម្ដាយ អាណាព្យាបាលទាំងអស់ សូមយកចិត្តទុកដាក់គ្រប់គ្រង តាមដានត្រួតពិនិត្យកូនចៅ ពិសេសការប្រើប្រាស់បណ្ដាញសង្គម និងទូរស័ព្ទ ជៀសវាងកុំឲ្យមានរឿងអាស្រូវណាមួយកើតឡើងដូចករណីខាងលើនេះ ជាហេតុនាំឲ្យមានភាពអាម៉ាស់ អាប់ឱនដល់កិត្តិយសក្រុមគ្រួសារ និងសាមីខ្លួន និងកើតមានវិប្បដិសារីដោយប្រការណាមួយជាយថាហេតុ៕