តើឡានមួយទឹក អាយុប៉ុន្មាន ចាស់កម្រិតណា ទើបកម្ពុជាមិនអនុញ្ញាតឱ្យនាំចូល?

ភ្នំពេញ៖ «យើងបានពិភាក្សាគ្នាជាមួយនឹងក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំពិនិត្យមើលថា តើឡានមួយទឹក អាយុប៉ុន្មាន ចាស់ពេកយើងមិនអនុញ្ញាតឱ្យចូលទៀតទេ ឥលូវយើងកំពុងពិភាក្សាគ្នាថាតើ១០ឆ្នាំ ឫ១៥ឆ្នាំ ឫ៧ឆ្នាំ អានេះយើងកំពុងពិភាក្សាគ្នា»។ នេះជាការថ្លែងបញ្ជាក់របស់ឯកឧត្ដមទេសរដ្ឋ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) សាខាហាណូយសំរោងអណ្ដែត នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តមទេសរដ្ឋ ស៊ុន ចាន់ថុល បានបន្តថា មកដល់ពេលនេះក្រសួងសាធារណការ នឹងដឹកជញ្ជូន ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងពិភាក្សាគ្នា និងពិនិត្យមើល លែងឱ្យមានឡានមួយទឹកដែលមានអាយុកាលចាស់ពេកចូលមកកម្ពុជាទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រីបន្តទៀតថា មកដល់ពេលនេះក្រសួងសាធារណការ និងដឹកជញ្ជូន ក៏កំពុងតែជំរុញឱ្យប្រជាពលរដ្ឋចូលរួមប្រើប្រាស់ឡានថ្មី ឫឡានដែលប្រើប្រាស់ដោយថាមពលអគ្គីសនី ដែលជាឡានថ្មី ហើយមានតម្លៃថោកជាងឡាន១ទឹក ពីស្រុកក្រៅទៀតផង។

ទន្ទឹមនោះ ឯកឧត្តមបន្ថែមឲ្យដឹងថា សម្រាប់ការនាំចូលរថយន្តអគ្គិសនី ចូលក្នុងប្រទេសកម្ពុជាក្នុងមួយឆ្នាំៗ មានការកើនឡើងច្រើន ហើយក្រសួងក៏បានខិតខំប្រឹងប្រែងឱ្យអ្នកវិនិយោគ ដាក់កន្លែងបញ្ជូលថាមពលអគ្គិសនីឱ្យបានកាន់តែច្រើននៅទូទាំងប្រទេសកម្ពុជាផងដែរ។

ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាមានអ្នកកន្លែងបញ្ជូលថាមពលអគ្គិសនី១៣កន្លែងរួចហើយ និងនៅមានដៃគូរវិនិយោគកំពុងរៀបចំដាក់កន្លែងបញ្ជូនថាមពលអគ្គិសនីនេះជាច្រើនកន្លែងទៀតផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង