លោក នេត្រ ភក្ត្រា៖ ក្នុងនាមជាមន្ត្រីព័ត៌មានគឺមិនមែនគ្រាន់តែចេញទៅយកព័ត៌មាន ហើយធ្វើការផ្សព្វផ្សាយនោះទេ ប៉ុន្តែ ត្រូវតែគិតគូរពីការរៀបចំ និងគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងការបញ្ចេញមតិ ដោយស្ថិតនៅក្រោមច្បាប់រដ្ឋទាំងអស់
(ប៉ៃលិន)៖ លោក នេត្រ ភក្ត្រា សង្កត់ធ្ងន់ថា ក្នុងនាមជាមន្ត្រីព័ត៌មាន គឺមិនមែនគ្រាន់តែចេញទៅយកព័ត៌មាន ហើយធ្វើការផ្សព្វផ្សាយនោះទេ ក៏ប៉ុន្តែ ត្រូវតែគិតគូរពីការរៀបចំ និងគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងការបញ្ចេញមតិ ដោយស្ថិតនៅក្រោមច្បាប់រដ្ឋទាំងអស់។ ដូច្នេះ កម្ពុជាត្រូវការមន្ត្រី និងអ្នកសារព័ត៌មាន មានសមត្ថភាព និងចំណេះដឹងគ្រប់គ្រាន់លើវិស័យសារព័ត៌មាន ដើម្បីធ្វើយ៉ាងណាធានាពីសន្តិសុខព័ត៌មាននៅកម្ពុជា ដើម្បីឆ្លើយតបនឹងការរីកចម្រើនបច្ចេកវិទ្យាឌីជីថល និងការប្រកួតប្រជែងជាមួយនឹងបណ្តាញផ្សព្វផ្សាយនៅក្នុងតំបន់ និងពិភពលោក។
ការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ ក្នុងពិធីជួបសំណេះសំណាល និងតម្រង់ទិសការងារជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរព័ត៌មានខេត្តប៉ៃលិន ពីការងារទប់ស្កាត់ ឆ្លើយតប និងបន្សាបព័ត៌មានក្លែងក្លាយ នៅក្នុងដំណាក់កាលរីកចម្រើនផ្នែកបញ្ញាសិប្បនិម្មិត (AI) ព្រមទាំងការងារគ្រប់គ្រងសាធារណមតិ។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កិច្ចការព័ត៌មាន និងសាធារណមតិជាកិច្ចការងារចាំបាច់ និងសំខាន់។ សូម្បីតែការសម្រេចចិត្តធ្វើអ្វីមួយក៏ត្រូវការព័ត៌មានជាមុននោះដែរ។ ដូច្នេះហើយ មនុស្ស និងព័ត៌មាន មិនអាចកាត់ផ្តាច់ចេញពីគ្នាបានជាពិសេសនៅក្នុងដំណើររីកចម្រើនផ្នែកបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ។
លោកបន្ថែមថា នៅពេលដែលបច្ចេកវិទ្យាបញ្ញាសិម្បនិម្មិត (AI) កាន់តែរីកចម្រើនខ្លាំង នោះវិស័យព័ត៌មាន គឺជាអំណាចធំ ពីព្រោះសមរភូមិសារព័ត៌មាន និងសាធារណមតិកាន់តែស្រួចស្រាវ ហើយក៏ជាសមរភូមិដណ្តើមអំណាចគ្នាផងដែរ។ ត្រង់ចំណុចនេះហើយមន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មាន ត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការផលិតព័ត៌មានឱ្យមានគុណភាព ចំណេះដឹង ព័ត៌មានពិត មានប្រភពច្បាស់លាស់ និងលឿនរហ័ស ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល និងអាជ្ញាធរ។ បច្ចុប្បន្ននេះ បញ្ហាព័ត៌មានក្លែងក្លាយបានបង្កការលំបាកជាច្រើននៅក្នុងសង្គមកម្ពុជា ពីព្រោះលទ្ធភាពនៃការបញ្ចេញព័ត៌មានក្លែងក្លាយកាន់តែសម្បូរបែប ដោយក្នុងនោះបណ្តាញសង្គម Facebook និង TikTok គឺជាប្រភពធំក្នុងការបញ្ចេញព័ត៌មានក្លែងក្លាយ។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា មន្ត្រីព័ត៌មាន និងសាធារណមតិ ព្រមទាំងអ្នកពាក់ព័ន្ធយឺតយ៉ាវក្នុងការឆ្លើយតបចំពោះព័ត៌មានក្លែងក្លាយនេះ នឹងធ្វើឱ្យសង្គមជួបបញ្ហាដោយសារតែព័ត៌មានក្លែងក្លាយ។ ដូច្នេះ ត្រូវបន្តក្តាប់ឱ្យបានរាល់មតិសាធារណៈ ជាពិសេសឆ្លើយតបភ្លាមៗ ក្នុងករណីមានការចុះផ្សាយណាមួយខុសពីការពិត ដើម្បីឈានទៅលុបបំបាត់ និងចូលរួមក្នុងការប្រយុទ្ធប្រឆាំង ពាក់ព័ន្ធនឹងព័ត៌មានក្លែងក្លាយ។
លោកបានបន្ថែមថា បច្ចុប្បន្ននេះនៅតាមមន្ទីរព័ត៌មានរាជធានី ខេត្ត ក្រសួងព័ត៌មានបានបង្កើតមន្ត្រីសម្របសម្រួលព័ត៌មាន និងសាធារណមតិដែលមានគ្នាចំនួន ៥រូប នៅថ្នាក់រាជធានី ខេត្តនីមួយៗ ដើម្បីបង្ហាញឱ្យឃើញអំពីកម្ពុជាពិតគឺខុសពីកម្ពុជានៅលើសារដែលបង្ហោះតាមបណ្ដាញសង្គម។ ការផ្សព្វផ្សាយព័ត៌មានពិតគ្រប់ជ្រុងជ្រោយទាំងឡាយអំពីកម្ពុជា បានធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ នោះគឺស្ថានភាព និងការវិវត្តជាវិជ្ជមាន ជាក់ស្តែងនៅកម្ពុជាក្រោមដំបូលនៃសន្តិភាពពេញលេញ។
លោក នេត្រ ភក្ត្រា បានស្នើដល់បណ្តាមន្ទីរអង្គភាព អាជ្ញាធរក្រុង ស្រុក ចំណុះឱ្យរដ្ឋបាលខេត្តប៉ៃលិន ផ្តល់កិច្ចសហការជាមួយមន្ទីរព័ត៌មាន ផ្តល់នូវលទ្ធផលសកម្មភាពការងារ ដែលខ្លួនសម្រេចបានដើម្បីឱ្យមន្ទីរ មានប្រភពគ្រប់គ្រាន់ ក្នុងការផ្សព្វផ្សាយព័ត៌មាន ដែលមានខ្លឹមសារល្អ គ្រប់ជ្រុងជ្រោយ សម្រាប់ជាប្រយោជន៍ដល់ពលរដ្ឋ។
លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារទាំងឡាយដែលមន្ទីរព័ត៌មានខេត្តអនុវត្តន៍បានទោះបីជួបការលំបាកខ្វះខាតក្តី តែបានប្រឹងប្រែងរួមគ្នាជំនះបំពេញការងារសម្រេចជូនជាតិ និងខេត្តរបស់ខ្លួន ដែលបង្ហាញពីការលះបង់គ្រប់បែបយ៉ាងដើម្បីវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងខេត្តឱ្យមានការរីកចម្រើន។
បើតាមរបាយការណ៍សង្ខេបប្រចាំឆ្នាំ២០២៤ របស់លោក ញ៉ឹប បូរី ប្រធានមន្ទីរមន្ទីរព័ត៌មានស្តីទី ខេត្តប៉ៃលិន បានឱ្យដឹងថា សមិទ្ធផលសំខាន់ៗដែលសម្រេចបានការផលិត និងការផ្សព្វផ្សាយព័ត៌មាន, ផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ចំនួន៣.៥៦៧ អត្ថបទ, ចុះយកព័ត៌មាន និងផលិតព័ត៌មានក្នុងខេត្តបានចំនួន៩៣៧ អត្ថបទ និងបានបញ្ជូនព័ត៌មានក្នុងខេត្តទៅផ្សព្វផ្សាយតាមបណ្តាស្ថានីយទូរទស្សន៍នានានៅរាជធានីភ្នំពេញ, ផ្សព្វផ្សាយតាមវិទ្យុបណ្តាញ បានចំនួន២.៥៨៦ អត្ថបទ, ផ្សាយបន្តផ្ទាល់ពិសេសកម្មវិធីផ្សេងៗ ជាពិសេសកម្មវិធីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានចំនួន ៩៦លើក, ផ្សព្វផ្សាយសារាចរ សេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងនានាចំនួន ៧០លើក៕