រឿងលក់ដីរួមនៅឃុំសន្លុងស្រុកខ្សាច់កណ្ដាលបានលុយជិត២០ម៉ឺនដុល្លារគ្មានអ្នកទទួលខុសត្រូវទេ ខណៈប្រធានភូមិបាលស្រុកលោក ហ៊ែល ម៉ូដេត ឆ្លើយថា លោកមិនដឹងទេ ហើយលោក ប៊ុន ផេង ប្រាប់អ្នកកាសែតឲ្យទៅសួរទៅចៅហ្វាយស្រុកថ្មី ព្រោះលោកអត់ដឹងទេ លោកចេញមកផុតហើយ បានរឿងកើតក្រោយលោកចេញ!

(កណ្ដាល)៖  ករណីលក់ដីរួមនៅឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលមានចំណោទលើកឡើងថា តើនរណាទទួលខុសត្រូវនិងនរណាជាដើមគំនិត? រឿងនេះពិតណាស់ ការទទួលខុសត្រូវមិនស្ថិតនៅលើ អ្នកដឹកនាំឃុំ-ស្រុកដែលកំពុងកាន់អំណាចបច្ចុប្បន្ននោះទេ។ ពីព្រោះគេដឹងថា ដីទំហំ៣,៥ហិចតាដែលបានលក់កាលពីឆ្នាំ២០១៦ នោះស្ថិតនៅក្រោមអំណាចលោកមេឃុំ និងចៅហ្វាយ ស្រុកចាស់។ ដូច្នេះគឺអ្នកពាក់ព័ន្ធអាណត្តិចាស់ ជាអ្នក ទទួលខុសត្រូវរួមមានមន្ត្រីសុរិយោដីស្រុកផងដែរ។

រហូតមកដល់ពេលនេះ សូម្បីតែព័ត៌មាននៃតម្លៃការលក់ដីក្នុង១ម៉ែត្រការ៉េបានតម្លៃប៉ុន្មាន ក៏ត្រូវបណ្ដាជនអ្នកពាក់ព័ន្ធព្យាយាមលាក់បាំងយ៉ាងជិតផងដែរ។ យ៉ាងណា ក៏ដោយដើម្បីដោះស្រាយបញ្ហានេះ មន្ត្រីរដ្ឋបាលស្រុកខ្សាច់កណ្ដាល ក៏ដូចជាសមាជិកក្រុមប្រឹក្សាឃុំសន្លុងនិយាយថា គឺសួរតែលោកអតីតចៅហ្វាយស្រុកនិងមន្ត្រីសុរិយោដីស្រុកខ្សាច់កណ្ដាលគឺដឹងហើយ។ យ៉ាងណា ក៏ដោយមន្ត្រីទាំងពីរនាក់នេះ គឺជាតួអង្គយ៉ាងសំខាន់ដែលអាចលាតត្រដាងអំពីអាថ៌កំបាំងនានា ពាក់ព័ន្ធនឹងការលក់ដីរួមភូមិជាង៣កន្លះហិចតានៅក្នុងឃុំសន្លុងនោះ ដឹងបានយ៉ាងច្បាស់។

ប្រជាពលរដ្ឋភូមិសន្លុងឲ្យដឹងថា ឧកញ៉ា ចាប ហុងលី  ជាមេគំនិតគុបគិតជាមួយរដ្ឋបាលឃុំ ដើម្បីទិញដីដែលជាអាករឃុំទំហំជាង៣ ហិចតាបានលុយដែលអ្នកខ្លះថា ១២ម៉ឺនដុល្លារនិងខ្លះថា ជិត២០ម៉ឺនដុល្លារធ្វើឲ្យអ្នកភូមិជ្រួលច្របល់។ យ៉ាងណា ក៏ដោយរឿងនេះអង្ករក្លាយជាបាយ ហើយដីនោះក៏ទៅក្លាយជាប្លង់រឹង កម្មសិទ្ធិរបស់ឧកញ៉ាចាប ហុងលី ទៅហើយដែរ។ តែប្រជាពលរដ្ឋនៅក្នុងសហគមន៍ខាងលើ ស្នើឲ្យស្ថាប័នជាតិពាក់ព័ន្ធត្រួតពិនិត្យឡើងវិញចំពោះអំពើពុករលួយរបស់មន្ត្រីមូលដ្ឋានទាំងនេះ។ ប្រភពថា អតីតចៅហ្វាយស្រុកខ្សាច់កណ្ដាល លោក ប៊ុន ផេង បច្ចុប្បន្នជាអភិបាលរងខេត្តកណ្តាលនិងលោក ហ៊ែល ម៉ូដេត ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលស្រុកខ្សាច់កណ្ដាល ជាអ្នករៀបចំឈុតឆាកនៃការលក់ដីនៅឃុំសន្លុងនោះទាំងមូល។

បើតាមលោកមេភូមិនិងសមាជិកក្រុមប្រឹក្សាឃុំសន្លុង ស្រុកខ្សាច់កណ្ដាល បានអះអាងដូចៗគ្នាថា ដីអាករឃុំរបស់រដ្ឋដែលមានទំហំ៣ហិកតាកន្លះ នៅចំណុចជាប់និងទំនប់ខាងកើត«មេទឹកសំឡូង» ស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ត្រូវមេឃុំ(អាណត្តិមុន) គប់គិតលក់ឱ្យឧកញ៉ា ចាប ហុងលី បានលុយជិត២០ម៉ឺនដុល្លារចែកគ្នាអស់ហើយ។ មានន័យថា វាជាការឃុបឃិតគ្នារវាងអាជ្ញាធរថ្នាក់ស្រុក(អតីតអភិបាលស្រុក) និងប្រធានភូមិបាលស្រុកក្នុងការរៀបចំផែនការលក់ដីរួមរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខាងលើនេះ។ ជាពិសេសពួកគេបានក្លែងបន្លំស្នាមមេដៃប្រជាពលរដ្ឋខ្មែរទៀតផង។

លោក ទឹម ទន មេភូមិសន្លុងបានថ្លែងថា មេឃុំសន្លុងពិតជាបានលក់ដីអាករឃុំរបស់រដ្ឋ ត្រង់ចំណុចខាងលើប្រាកដមែន។ លោកមេភូមិបញ្ជាក់ថា ដីនោះលោកមេឃុំអាណត្តិមុនជាអ្នកលក់ ដោយយកលុយមកតម្កល់ទុកនៅសាលាឃុំ ហើយលោកស្រី ណេង ដាលីស មេឃុំថ្មីជាអ្នកចាត់ចែងដកចាយវាយ។ បច្ចុប្បន្នដីនេះក្លាយជាកម្មសិទ្ធិរបស់ឧកញ៉ា ចាប ហុងលី និងមានប្លង់រឹងរួច អស់ហើយ ស្របពេលដែលប្រជាពលរដ្ឋទើបតែដឹងក្នុងរយៈពេលចុងក្រោយនេះ ហើយខ្សិបតៗគ្នាអំពីភាពមិនប្រក្រតីនៃការលក់ដីរួមនេះ។ ពលរដ្ឋជាអ្នកភូមិសន្លុងបាននិយាយថា ពួកគាត់ពុំបានដឹងឮ និងឯកភាពឱ្យអាជ្ញាធរឃុំសន្លុងលក់ដីអាករឃុំរបស់រដ្ឋនោះទេ។ ចំពោះបញ្ហាស្នាមមេដៃ ដែលពួកគាត់ផ្ដិតកាលពីកន្លងមកនោះគឺដើម្បីស្នើសុំរក្សាការពារដីរដ្ឋ(ដីបឹងមេទឹកសំឡូង)និងជួសជុលផ្លូវ។ អ្នកភូមិទាំងនោះនិយាយថា ប្រសិនបើអាជ្ញាធរនិងឈ្មួញយកមេដៃពួកគាត់ទៅក្លែងបន្លំថា ឯកភាពឱ្យលក់ដីអាករឃុំរបស់រដ្ឋគឺជារឿងប្រឌិតទាំងស្រុង។

តាមពលរដ្ឋដែលដឹងរឿង ករណីលក់ដីអាករឃុំសន្លុង ត្រង់ចំណុចខាងលើ គឺរដ្ឋបាលឃុំបានលក់ឱ្យឧកញ៉ា ចាប ហុងលី តម្លៃ៥០.០០០ដុល្លារ ក្នុង១ហិកតា អញ្ចឹងសរុប៣ហិកតាកន្លះស្មើ១៧.៥០០០ដុល្លារ។ បច្ចុប្បន្ន ឧកញ៉ា ចាប ហុងលី កំពុងកាន់កាប់លើដីអាករឃុំសន្លុង និងបានជួលឱ្យពលរដ្ឋធ្វើស្រូវក្នុង១ហិកតាតម្លៃ៦០ម៉ឺនរៀលសម្រាប់រយៈពេល១ឆ្នាំម្ដង។ មានន័យថាឧកញ៉ាចាប ហុងលី បានកាន់កាប់ស្របច្បាប់រួចហើយចំពោះដីធ្លីនៅក្នុងមូលដ្ឋានឥឡូវនេះគ្រាន់តែផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋបានធ្វើស្រែជាបណ្ដោះអាសន្នជាមួយនឹងការជួលក្នុងមួយឆ្នាំ៦០ម៉ឺនរៀល។ដូច្នេះ១ឆ្នាំឧកញ៉ាទទួលបានលុយពីការជួលដីតែ៤០០ដុល្លារប៉ុណ្ណោះ។

លោក ថោង ស្រស់ អតីតមេឃុំសន្លុងនិងបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាឃុំសន្លុងបានថ្លែងថា ដីអាករឃុំ ទំហំ៣ហិកតាកន្លះដែលជាប់និងទំនប់ «មេទឹកសំឡូង» ស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ឃុំបានលក់ឱ្យឧកញ៉ា ចាប ហុងលី ប្រាកដមែន ហើយមន្ត្រីជំនាញក៏បានចេញប្លង់រឹងឱ្យឧកញ៉ា ចាប ហុងលី រួចរាល់ហើយដែរ។អតីតមេឃុំសន្លុងបន្ថែមថា ដីនោះ លក់ឱ្យឧកញ៉ា ចាប ហុងលី តម្លៃ៥០.០០០ដុល្លារ ក្នុង១ហិកតា ក្នុងនោះ រដ្ឋបាលឃុំ ទើបនិងទទួលបានលុយគ្រប់ចំនួននាពេលថ្មីៗនេះដែរទេ។ លោកថា លុយទាំងនោះ នៅលើលោកស្រីមេឃុំបច្ចុប្បន្ន ជាអ្នកកាន់កាប់។

ជុំវិញករណីនេះ លោក ហ៊ែល ម៉ូដេត ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលស្រុកខ្សាច់កណ្ដាលបានឲ្យអង្គភាព The Mirror News ដឹងថា លោកពិតមិនដឹងមែន។

បើតាមការលើកឡើងរបស់លោក ហ៊ែល ម៉ូដេត ខាងលើនេះ មជ្ឍដ្ឋានសួរថា បើប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលស្រុកខ្សាច់កណ្ដាលឆ្លើយថាមិនដឹងទៅហើយ តើអ្នកណាជាអ្នករៀបចំឯកសារលក់ដីនិងធ្វើប្លង់ឲ្យឧកញ៉ា ចាប ហុងលី? ឬមួយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ខេត្តកណ្ដាលជាអ្នកចុះមករៀបចំឯកសារធ្វើលិខិតផ្ទេរសិទ្ធិឲ្យទៅឧកញ៉ា ចាប ហុងលី?

ពាក់ព័ន្ធករណី អតីតចៅហ្វាយស្រុកខ្សាច់កណ្ដាល និងបច្ចុប្បន្នកាន់ការងារជាអភិបាលរងខេត្តកណ្ដាល លោក ប៊ុន ផេង បានប្រាប់ឲ្យអង្គភាព The Mirror News តាមបណ្ដាញតេលេក្រាមឲ្យទៅសួរទៅចៅហ្វាយស្រុក លោកអត់ដឹងទេ ព្រោះលោកចេញមកផុត ហើយបានរឿងកើតក្រោយលោកចេញទេ។ លោកបន្តថា ព្រោះដីធ្លីនឹងគេអត់ស៊ីញ៉េកាត់ស្រុកទេ គេធ្វើជាលក្ខណៈប្រព័ន្ធអញ្ចឹងលោកអត់ដឹង។ លោក ប៊ុន ផេង បានបន្តយ៉ាងដូច្នេះថា គ្មានអ្នកណាដឹងរឿងគ្រប់រឿង បើគេធ្វើគ្នាគេស្ងាត់ៗ លោកម៉េចដឹង ព្រោះពួកគេអត់ស៊ីកាត់លោកផង ព្រោះគេធ្វើជាលក្ខណៈប្រព័ន្ធ។

បើតាមលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាលបច្ចុប្បន្នបានបញ្ជាក់ឲ្យអង្គភាព The Mirror News ដឹងថា លោកអត់បានដឹងរឿងនេះទេ ព្រោះដីនេះ គេលក់មុនលោកមកធ្វើជាអភិបាលស្រុកទៅទៀត។ លោកបន្តថា លោកនឹងធ្វើការស្រាវជ្រាវករណីនេះផងដែរ។

ទាក់ទិននឹងករណីលក់ដីអាករឃុំរបស់រដ្ឋទំហំជាង៣ហិកតានៅចំណុចជាប់ទំនប់ខាងកើត «មេទឹកសំឡូង» ឱ្យឧកញ៉ា ចាប ហុងលី ក្នុង១ហិកតាតម្លៃចំនួន៥០០០០ដុល្លារ ស្មើនឹង១៧៥០០០ដុល្លារនេះ  លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកណ្ដាលមិនបានបំភ្លឺឲ្យអង្គភាព The Mirror News ដឹងនៅឡើយនោះទេ ព្រោះអង្គភាពយើងបានដាក់លិខិតស្នើសុំឲ្យលោកជួយបំភ្លឺតាំងពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ មកទល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥គិតទៅស្មើនឹង៩ថ្ងៃទៅហើយ លោកបានចូលមើល ប៉ុន្តែលោកមិនបានធ្វើការឆ្លើយតបអ្វីទាំងអស់ ពោលគឺលោកបានព្យាយាមរក្សាភាពស្ងាត់ស្ងៀមតែម្ដង។

ជុំវិញករណីមេឃុំសន្លុងលក់ដីរួមជាង៣ហិកតាឲ្យឧកញ៉ា ចាប ហុងលី អង្គភាព The Mirror News ពុំអាចសុំការបំភ្លឺពីលោក គួច ចំរើន អភិបាលខេត្តកណ្ដាលនៅឡើយនោះទេ ព្រោះអង្គភាពយើងបានដាក់លិខិតស្នើសុំឲ្យលោកជួយបំភ្លឺកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ មកទល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ គឺ៩ថ្ងៃមកហើយ លោកបានចូលមើល ប៉ុន្តែលោកមិនបានធ្វើការឆ្លើយតបអ្វីទាំងអស់។

គួរជម្រាបជូនថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ថ្មីៗនេះ រដ្ឋបាលឃុំសន្លុងក៏បានចេញសេចក្ដីបំភ្លឺព័ត៌មានពាក់ព័ន្ធដីអាករឃុំរបស់រដ្ឋជិត៤ហិកតា ត្រូវមេឃុំសន្លុងលក់ឱ្យឈ្មួញ បានលុយជិត២០ម៉ឺនដុល្លារអាមេរិកនោះផងដែរ

អត្ថបទដែលជាប់ទាក់ទង