ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ រៀបចំពិធីសូត្រមន្ត និងជួបសំណេះសំណាលសួសុខទុក្ខដល់អតីតស្នងការរងដែលចូលនិវត្តន៍ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៥

 


(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២៥នេះ បានរៀបចំពិធីសូត្រមន្តនិងជួបសំណេះសំណាលសួសុខទុក្ខដល់អតីតស្នងការរងដែលចូលនិវត្តន៍ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៥។ ដោយបានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យ និងមន្ត្រីក្រោមឱវាទ ជាច្រើនរូប។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងថា ពិធីនេះគឺធ្វើឡើងដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនសិរីសួស្តី កើតមានដល់ កងកម្លាំងនគរបាលគ្រប់ប្រការ និង សុំម្ចាស់ទឹកម្ចាស់ដី ជួយថែរក្សាបីបាច់ទីកន្លែងនេះ ព្រមទាំងឧទ្ទិសដល់ញាតិសន្តានទាំង៧ និងនាយ នាយរង ពលនគរបាល ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ទទួលបាននូវចំណែកបុណ្យកុសលដែលបានធ្វើនាពេលនេះ។

លោកឧត្តមសេនីយ៍ទោបានថ្លែងនូវសាទរក្នុងមនោសញ្ចេតនាប្រកបដោយសេចក្តី គោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ ដល់លោកឳពុក លោកពូ ដែលជា អតីតស្នងការ ស្នងការរង បានអញ្ជើញមក សូមគោរពប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការ បានប្រកបដោយ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូរណ៍ ជន្មាយុ យឺនយូរ ដើម្បីសម្រេចបាននូវ ជោគជ័យថ្មីៗថែមទៀតជូនជាតិ និងប្រជាជន និងសូមលើកហត្ថបួងសួង ដល់វត្ថុស័ក្តសិទ្ធិ សូមជួយតាមថែរក្សា លោកឳពុក លោកពូដែលត្រូវជាអតីត ស្នងការ ស្នងការរង ជួបតែពុទ្ធពរ ទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

លោកស្នងការក៏បានជូននូវកន្ត្រកអនុស្សាវរីយ៍ និងថវិកា ជូនដល់អតីតស្នងការងដែលបានចូលនិវត្តន៍ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង