អាជ្ញាធរស្រុកទឹកឈូពិតជាបានរកឃើញ «ម្ចាស់អាហារដ្ឋាន ម៉ាក់ឈូឈូ» លួចបង្ហូរកាកសំណល់រាវចូលក្នុងព្រែកទឹកឈូពិតមែន

(កំពត)៖ អាជ្ញាធរនៃរដ្ឋបាលស្រុកទឹកឈូកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥បានសហការជាមួយមន្ទីរបរិស្ថាន និងមន្ទីរទេសចរណ៍ ចុះទៅត្រួតពិនិត្យទីតាំង «អាហារដ្ឋាន ម៉ាក់ឈូឈូ» ដោយរកឃើញថា «ម្ចាស់អាហារដ្ឋាន ម៉ាក់ឈូឈូ» ស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុក ទឹកឈូ ខេត្តកំពត ពិតជាបានលួចបង្ហូរកាកសំណល់រាវចូលទៅក្នុងព្រែកទឹកឈូពិតប្រាកដមែន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលស្រុកទឹកឈូដែលអង្គភាព The Mirror News ទទួលបាននៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

បើតាមសេចក្ដីប្រកាសព័ត៌មានបានអះអាង ក្រុមការងារចម្រុះបានធ្វើកំណត់ហេតុ និងដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ និងបានណែនាំ

«ម្ចាស់អាហារដ្ឋាន ម៉ាក់ឈូឈូ» ត្រូវបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពបង្ហូរទឹកកខ្វក់ចូលទៅក្នុងព្រែកទឹកឈូបន្តទៀត។ប្រសិនបើមានករណីនេះបន្តទៀត ម្ចាស់ទីតាំងនិងទទួលខុសត្រូវចំពោះមុខច្បាប់។

ប្រភពបញ្ជាក់ថា ក្រុមការងារចម្រុះក៏បានចុះពិនិត្យទីតាំងអាហារដ្ឋាននៅក្បែរៗនោះទាំងអស់ ប៉ុន្តែពុំឃើញមានការបង្ហូរទឹកកខ្វក់ចូលព្រែកនោះទេ ទោះបីយ៉ាងណាក្រុមការងារចម្រុះក៏បានណែនាំដល់ម្ចាស់ទីតាំងត្រូវរៀបអាងចម្លោះ ឬធុងសិបទិក តាមលក្ខណៈបច្ចេកទេស ឲ្យបានឆាប់រហ័ស កុំឲ្យហៀរដូចករណីខាងលើ៕

អត្ថបទដែលជាប់ទាក់ទង