ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់កុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប បន្តកៀងគរអ្នកវិនិយោគជប៉ុនមកបណ្តាក់ទុននៅក្នុងខេត្តបន្ទាយមានជ័យឱ្យបានច្រើន ខណៈក្រុងប៉ោយប៉ែតជាតំបន់សេដ្ឋកិច្ចដែលកំពុងតែមានសក្កានុពលយ៉ាងខ្លាំង
(បន្ទាយមានជ័យ)៖ ឯកឧត្តម អ៊ុំ រាត្រី បានអំពាវនាវបន្ថែមតាមរយៈកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប បន្តកៀងគរអ្នកវិនិយោគជប៉ុន មកបណ្តាក់ទុននៅក្នុងខេត្តបន្ទាយមានជ័យ ឱ្យបានច្រើន។ ជាពិសេសនៅក្នុងក្រុងប៉ោយប៉ែត ដែលជាតំបន់សេដ្ឋកិច្ចដែលកំពុងតែមានសក្កានុពលយ៉ាងខ្លាំង មានច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារអន្តរជាតិស្ទឹងបត់ដែលកំពុងដំណេីរការចេញ-ចូល ទំនិញជារៀងរាល់ថ្ងៃ។
ការអំពាវនាវរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យក្នុងជំនួបសម្តែងការគួសម និងពិភាក្សាការងារ ជាមួយលោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប ដោយមានការអញ្ជេីញចូលួមពីឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សា ខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធបានចូលរួម នៅសាលប្រជុំ ខ សាលាបន្ទាយមានជ័យ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២៥។
នៅក្នុងជំនួប លោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី បានបង្ហាញក្ដីរីករាយ ចំពោះការទទួលស្វាគមន៍ យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំខេត្តក្នុងដំណេីរដែរលោកមកបំពេញបេសកកម្ម នៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ។ លោកក៏បានមេីលឃេីញពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ពិសេសក្រោមដឹកនាំរបស់សម្ដេចមហាធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិ កាន់តែមានការរីកចម្រើន និងអភិវឌ្ឍន៍ជាខ្លាំង។ មួយវិញទៀតតាមរយៈ កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង២ កម្ពុជា -ជប៉ុន ក៏កាន់តែមានភាពរឹងមាំ ស្អិតរមួតថែមទៀត។ លោកក៏បានធ្វើការស្នេីសុំកិច្ចសហប្រតិបត្តិការបន្ថែមជាមួយនឹងរដ្ឋបាលខេត្តក្នុងការជួយគាំទ្រយកចិត្តទុកដាក់លើបងប្អូនជនជាតិជប៉ុនដែលមកធ្វើការ និងវិនិយោគនៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងករណីមានអ្វីមួយកើតឡើង មានការសហការនិងផ្តល់ព័ត៌មានមកការិយាល័យកុងស៊ុលជប៉ុន ដើម្បីធ្វើការអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។
ជាមួយនោះ ឯកឧត្ដមអភិបាលខេត្ត អ៊ុំ រាត្រី បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលតាំងពីដេីមតែងតែផ្តល់ជំនួយជួយដល់ប្រទេសកម្ពុជា ជាពិសេសខេត្តបន្ទាយមានជ័យ ដែលបានចូលរួមចំណែកយ៉ាងច្រើននៅក្នុងទាំងវិស័យអប់រំនៅតាមរយៈការសាងសង់អគារសិក្សា វិស័យសុខាភិបាល ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រួមនឹងផ្តល់ជំនួយដល់ការដោះមីននៅក្នុងប្រទេសកម្ពុជាជាដេីម។ ក្នុងនាមរដ្ឋបាលខេត្តក៏នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត និងការពារសន្តិសុខសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋជប៉ុន ដែលមកស្នាក់នៅ ធ្វេីការ និងវិនិយោគនៅក្នុងខេត្តបន្ទាយមានជ័យឱ្យបានល្អ។
គួរបញ្ជាក់ថា បច្ចុប្បន្នមានធុរកិច្ចជប៉ុន កំពុងចាប់អារម្មណ៍ និងបានមកស្វែងយល់អំពីឱកាសសម្រាប់វិនិយោគនៅក្នុងខេត្តបន្ទាយមានជ័យ កាន់តែមានច្រើនឡើង។ ក្នុងនាមរដ្ឋបាលខេត្តក៏ស្វាគមន៍ និងសម្របសម្រួលធានាដល់ការការពារសន្តិសុខ សុវត្ថិភាពដល់គ្រប់ធុរជនទាំងអស់តាមផ្លូវច្បាប់ ចំពោះអ្នកវិនិយោគជប៉ុន នឹងបង្កើនការគាំទ្រជំរុញល្បឿនកំណើន សេដ្ឋកិច្ចកម្ពុជាជារួម និងដោយឡែកខេត្តបន្ទាយមានជ័យ នឹងមានការឈានរីកចម្រើនឡើងយ៉ាងលឿនថែមទៀត៕