ក្រុមចោរលួចដាំកញ្ឆាខុសច្បាប់ជាង៣០០០ដើម នៅតាមជម្រាលភ្នំបាយ៉ង់កោនៅស្រុកគិរីវង់ ត្រូវបានចៅហ្វាយខេត្តតាកែវដឹកនាំកម្លាំងកម្ទេចចោល!

(តាកែវ)៖ ក្រុមចោរបានលួចបានដាំដំណាំកញ្ឆាខុសច្បាប់នៅតាមជម្រាលភ្នំបាយ៉ង់កោ ស្ថិតនៅឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ត្រូវបានលោក វ៉ី សំណាង អភិបាលខេត្តតាកែវដឹកនាំកម្លាំងចម្រុះ មាននគបាល យោធា និងកងរាជអាវុធហត្ថចុះកាប់បំផ្លាញកម្ទេចចោលអស់ហើយ។ នេះបើតាមប្រភពដែលអង្គភាព The Mirror News ទទួលបាននៅថ្ងៃនេះ។

ប្រភពបានបញ្ជាក់ថា ក្នុងការដឹកនាំកម្លាំងចុះបង្រ្កាប និងកាប់បំផ្លាញដំណាំកញ្ឆាខុសច្បាប់នេះ កម្លាំងសមត្ថកិច្ចចម្រុះបានកាប់បំផ្លាញទីតាំងដាំដំណាំកញ្ឆាខុសច្បាប់ចំនួន៧ទីតាំង ស្មើនឹងជាង៣ពាន់ដើម នៅលើផ្ទៃដីជាង១ពាន់ម៉ែត្រការ៉េ ព្រមទាំងបានបំផ្លាញអាងទឹកសម្រាប់ស្រោចស្រពដំណាំកញ្ឆាចំនួន៦អាងទឹកទៀត។

អភិបាលខេត្តលោក វ៉ី សំណាង បានណែនាំដល់សមត្ថកិច្ច ជាពិសេសសមត្ថកិច្ចនៅមូលដ្ឋានត្រូវតាមដានឃ្លាំមើលឱ្យបានញឹកញាប់ និងបន្តចុះពិនិត្យមើលដល់ទីតាំង ដើម្បីធ្វើយ៉ាងណាបង្រ្កាបឱ្យអស់នូវការលួចដាំដំណាំកញ្ឆាខុសច្បាប់នេះនៅតាមជម្រាលភ្នំបាយ៉ង់កោ៕

អត្ថបទដែលជាប់ទាក់ទង