ឯកឧត្តម ស៊ុន ចាន់ថុល បើកកិច្ចប្រជុំពិភាក្សាអំពីការបំពាក់គ្រឿងបរិក្ខារពេទ្យ ក្នុងមន្ទីរពេទ្យតេជោសែនកោះធំ
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកកោះធំ នៅថ្ងៃពុធទី២៦ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការបំពាក់គ្រឿងបរិក្ខារពេទ្យ នៅមន្ទីរពេទ្យតេជោសែនកោះធំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត សប្បុរសជនក្រៅប្រទេស អ្នកផ្គត់ផ្គង់បរិក្ខារ និងសម្ភារមន្ទីរពេទ្យ ព្រមទាំងមន្ត្រីជំនាញបច្ចេកទេសជាច្រើនរូប។
នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីជំរុញឱ្យមន្ទីរពេទ្យតេជោសែនកោះធំ ក្លាយជាមន្ទីរពេទ្យទំនើបមួយ ស្របតាមស្តង់ដារថ្នាក់ជាតិ ដោយមានបំពាក់សម្ភារបរិក្ខារសំបូរបែបគ្រប់គ្រាន់ សម្រាប់បម្រើជូនបងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់ជុំវិញស្រុក និងខេត្ត។ ឯកឧត្ដមបន្តថា ជាពិសេសដើម្បីពិនិត្យទៅលើដំណើររៀបចំ សម្ភារ បរិក្ខារពេទ្យ នៅក្នុងមន្ទីរពេទ្យតេជោសែនកោះធំ ឱ្យបានគ្រប់គ្រាន់សព្វជ្រុងជ្រោយ និងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System (HIS) សម្រាប់គ្រប់គ្រងសម្ភារ បរិក្ខារ ឱសថ និងទិន្នន័យព័ត៌មានរបស់អ្នកជំងឺ។
គូរជម្រាបថា មន្ទីរពេទ្យតេជោសែនកោះធំ ត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ដោយសាងសង់ឡើងលើផ្ទៃដីទំហំ ១,៤៧ ហិកតា មានទីតាំងនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកកោះធំ តាមបណ្តោយផ្លូវជាតិលេខ២១។ អាគារមន្ទីរពេទ្យមានទំហំសរុប ១៣.០០០ម៉ែត្រក្រឡា មាន១៥០គ្រែ បំពាក់ដោយឧបករណ៍សម្ភារបរិក្ខារបច្ចេកទេសទំនើបៗ កម្រិតស្តង់ដាថ្នាក់ជាតិ។ គិតមកដល់ពេលបច្ចុប្បន្ននេះ គ្រោងអាគារ និងហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យបានសាងសង់រួចរាល់ នៅរង់ចាំតែការបំពាក់គ្រឿងបរិក្ខារពេទ្យផ្នែកខាងក្នុង ដោយត្រូវការពេលវេលាក្នុងការបញ្ជាទិញ និងបំពាក់ ហើយគ្រោងនឹងបញ្ចប់រួចរាល់នៅដើមត្រីមាសទី៣ នៃឆ្នាំ២០២៣។
មន្ទីរពេទ្យនេះ នឹងដើរតួនាទីសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត ឬរាជធានីភ្នំពេញ ដែលឆ្ងាយពីមូលដ្ឋានរបស់ខ្លួន។ ជាពិសេស នឹងចូលរួមបំពេញតម្រូវការសេវាព្យាបាលជំងឺទូទៅ និងសេវាត្រួតពិនិត្យសុខភាព ឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ ក្នុងស្រុកកោះធំ ស្រុកស្អាង ស្រុកលើកដែក និងស្រុកព្រៃកប្បាស់ នៃខេត្តតាកែវ ផងដែរ៕