ឃោឃៅណាស់, ជនសង្ស័យបានយកក្រមារិតបំពង់ក និងយកកណ្តៀវចាក់បំពង់ក៣កន្លែង បណ្តាលឲ្យជនរងគ្រោះស្លាប់នៅកន្លែងកេីតភ្លាមៗ

(កំពង់ចាម)៖ នៅថ្ងៃទី១០​ ខែមីនា​ ឆ្នាំ២០២៥ វេលាម៉ោង១២៖០០នាទី​ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកក្របៅបានទទួលព័ត៌មានថា នៅចំណុចវាលស្រែប្រាំងទួលពោធិ៍ ស្ថិតក្នុងភូមិទឹកចេញ ឃុំព្រែកក្របៅ មានឈ្មោះ យ៉ាង ទូច​ ​ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិទឹកចេញ ឃុំព្រែកក្របៅ ស្រុកកងមាស បានដេកស្លាប់នៅក្នុងស្រែប្រាំងរបស់ជនរងគ្រោះ។

ក្រោយពីទទួលព័ត៌មាន លោកឧត្តមសេនីយ៍ត្រី​ ខេង​ ម៉េងឈាង​ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌបាន​ដឹកនាំ​កម្លាំងជំនាញនាយកដ្ឋាន​សហការជាមួយ​កម្លាំង​ជំនាញ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​បើកកិច្ចប្រតិបត្ដិការស្រាវជ្រាវស៊ើបអង្កេត ព្រមទាំងឃាត់ខ្លួនជន​សង្ស័យ​ឈ្មោះ សុត កំសត់ ហៅសើន ភេទប្រុស​ អាយុ៤២ឆ្នាំ មុខរបរលក់ដូរ អាសយដ្ឋាន​ភូមិទឹកចេញ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្ត​កំពង់ចាម​ ដេីម្បីធ្វេីការសាកសួរ​។

បន្ទាប់​ពីធ្វេីការសាកសួរជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួនពិតជាបាន​ធ្វេីសកម្មភាពយក​ក្រមារិតបំពង់ក​ និងយក​កណ្តៀវ​ចាក់បំពង់កចំនួន០៣កន្លែង​ បណ្តាល​ឲ្យជនរងគ្រោះឈ្មោះ​ យ៉ាង​ ទូច​ ​ស្លាប់នៅ​កន្លែង​កេីតភ្លាមៗ​។

ក្រោយបញ្ចប់ការសួរនាំជនសង្ស័យត្រូវបានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមដើម្បីចាត់ការបន្ដតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង