សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសកម្ពុជាតាមទូន្មានរបស់ព្រះពុទ្ធសាសនា លើមាគ៌ានៃការកសាងប្រទេសជាតិ និងតាមរយៈនយោបាយឈ្នះ-ឈ្នះ
ភ្នំពេញ៖ សមាជិកក្រុមប្រឹក្សាភិបាលអង្គការពុទ្ធសានាពិភពលោកបានសម្រេចផ្ដល់គោរមងារ «ពុទ្ធមាមកាភិបាល» ជូនដល់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដោយសារការលះបង់របស់សម្ដេចចំពោះជាតិ ប្រជាជន និងពុទ្ធសាសនានៅកម្ពុជា។
ប្រធានអង្គការពុទ្ធសាសនិកពិភពលោកលោក ផាឡុប ថៃអារី បានថ្លែងក្នុងពិធីប្រកាសគោរមងារជូនសម្ដេចតេជោនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ នៅវត្តភ្នំ ក្នុងរាជធានីភ្នំពេញថា ការផ្ដល់គោរមងារខ្ពស់បំផុតនេះគឺដោយសារការស្ងើចសរសើរចំពោះដំណើរការកសាងសន្ដិភាព និងការបង្រួមបង្រួមជាតិជាច្រើនឆ្នាំដើមផ្ដើមចេញពីនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន។
លោកថា៖ «សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសកម្ពុជាតាមទូន្មានរបស់ព្រះពុទ្ធសាសនា លើមាគ៌ានៃការកសាងប្រទេសជាតិ និងតាមរយៈនយោបាយឈ្នះ-ឈ្នះ។ សម្ដេចបាននាំមកជូនប្រជាជនវិញនូវភាពសម្បូរសប្បាយ ក្នុងសន្ដិភាពពេញលេញ ភាពសុខដុមរមនាសង្គម និងសាសនា ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព»។
«ពុទ្ធមាមកាភិបាល» គឺជាគោរមងារ ដែលត្រូវបានផ្ដល់ជូនថ្នាក់ដឹកនាំកំពូលទាំងក្នុងអាណាចក្រ និងថ្នាក់ដឹកនាំពុទ្ធចក្រដែលជាអ្នកគ្រប់គ្រងថែរក្សា គោរពប្រតិបត្តិ ឧបត្ថមទ្រទ្រង់ និងលើកតម្កើនតម្លៃព្រះពុទ្ធសាសនា ប្រកបដោយសទ្ធាជ្រះថ្លា ខ្ពង់ខ្ពស់ និងឧត្ដុងឧត្តម តាមរយៈព្រះពុទ្ធសាសនានានា រួមទាំងសកម្មភាពរបស់អង្គការពុទ្ធសាសនិកពិភពលោក។
បច្ចុប្បន្នមានព្រះមហាក្សត្រ និងថ្នាក់ដឹកនាំប្រទេសដែលកាន់ព្រះពុទ្ធសាសនាចំនួន ៨អង្គ និងរូបរួចហើយដែលទទួលគោរមងារនេះរួមមាន សម្ដេចសង្ឃរាជនៃព្រះរាជាណាចក្រថៃ ព្រះមហាថេរមហានាយកនៃសាធារណរដ្ឋស្រីលង្កា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ ប្រធានាធិបតីនៃប្រទេសនេប៉ាល់ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា ប្រធានាធិបតីនៃសាធារណរដ្ឋស្រីលង្កា នាយករដ្ឋមន្ត្រីប្រទេសថៃ និងប្រធានសហព័ន្ធពុទ្ធសាសនិកជប៉ុន៕