នាយករដ្ឋមន្ត្រីកម្ពុជាជំរុញដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកទាំងអស់បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយសម្រាប់ព្រឹត្តិការណ៍ ប្រកួតអាស៊ានប៉ារ៉ាហ្គេម
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃសុក្រទី២៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម នៅវិមានសន្តិភាពបានបន្តថ្លែងជំរុញដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកទាំងអស់ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយសម្រាប់ព្រឹត្តិការណ៍ ប្រកួតអាស៊ានប៉ារ៉ាហ្គេម ឱ្យដូចការផ្សព្វផ្សាយការប្រកួតស៊ីហ្គេមនាពេលកន្លងមក។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបន្តថា «សម្ដេចសូមបញ្ជាក់ឱ្យទូរទស្សន៍នានា ចូលរួមផ្សព្វផ្សាយឱ្យបានច្រើនដូចដែលយើងបានធ្វើក្នុងស៊ីហ្គេមកន្លងទៅ ការផ្សាយបន្តផ្ទាល់ចេញពីប្រកួតកន្លែងនោះកន្លែងនោះត្រូវធ្វើឱ្យបាន ឯកឧត្តម ខៀវ កាញារីទ្ធ ត្រូវតែរំលឹកបញ្ហានេះជាមួយបណ្តាទូរទស្សន៍ ដើម្បីចាប់យកមកផ្សាយសម្រាប់ការប្រកួត»។
សម្តេចតេជោបានបន្ថែមថា សម្រាប់ការផ្សព្វផ្សាយព័ត៌មានដោយខ្លួនឯងឱ្យបានច្រើននេះ មិនចាំបាច់ទៅជួលព័ត៌មានបរទេសផ្សាយនោះទេ ដែលកន្លងទៅផ្សាយពីស្រុកខ្មែរ កន្លែងនេះកន្លែងនោះ ក្នុងមួយនាទីអស់លុយជាច្រើននោះ មិនចាំបាច់ជួលទៀតនោះទេ ឱ្យតែយើងផ្សព្វផ្សាយឱ្យបានច្រើននោះ គេនឹងបន្តចាប់យកទៅផ្សាយនៅក្រៅប្រទេសដូចគ្នា ដែលមានការផ្សាយចេញ១១ប្រទេស រាប់ទាំងកម្ពុជាផងដែរ។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានបន្តថា សម្រាប់ប្រទេសនីមួយៗ ដែលមកចូលរួមប្រកួតនៅកម្ពុជា សុទ្ធតែមានបណ្តាញព័ត៌មាន ផ្សាយបន្តបន្ទាប់នៅពេលដែលគេបានទទួលជោគជ័យ បានទទួលមេដាយ ហើយនៅពេលដែលប្រទេសនោះផ្សាយចេញ នឹងមានប្រទេសផ្សេងៗ អាចមើលព័ត៌មានពីប្រទេសនោះ នឹងអាចធ្វើឱ្យប្រទេសជាច្រើនបានស្គាល់កម្ពុជា។
សម្តេចតេជោបានបញ្ជាក់ថា ពីមុនគេស្គាល់ ប៉ុល ពត តែគេមិនស្គាល់កម្ពុជា តែពេលនេះគេស្គាល់កម្ពុជាច្រើន តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនោះក៏មានកិច្ចខិតខំប្រឹងប្រែងរៀបចំការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ហើយក៏គេបានស្គាល់កម្ពុជាតាមរយៈទំនិញទៅដល់ផងដែរ៕