ប៉ូលិសក្រសួងមហាផ្ទៃឃាត់ខ្លួនក្រុមដៃស្អិត២នាក់ បន្ទាប់ពីធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះកំពុងជិះម៉ូតូកង់បីឥណ្ឌានៅផ្លូវជាតិលេខ១

ភ្នំពេញ៖ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះដែលកំពុងជិះម៉ូតូកង់បីឥណ្ឌាតែមិនបានសម្រេច នៅចំណុចផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើតាមប្រភពថា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២១និង១៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋានទទួលផែនបានដឹកនាំកម្លាំងជំនាញការិយាល័យ​ព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម​ វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោក​វរសេនីយ៍ទោ ប៊ុត ស៊ីម៉េង ចុះល្បាតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក៏ប្រទះឃេីញជន​សង្ស័យជិះម៉ូតូចំនួន០១គ្រឿង មានគ្នាចំនួន​០២នាក់ធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ ជាជនជាតិវៀតណាម ដែលកំពុងជិះម៉ូតូកង់បីឥណ្ឌាតែមិនបានសម្រេច។ភ្លាមៗនោះ កម្លាំងជំនាញការិយាល័យធ្វេីការប្រដេញនឹងឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់ នៅចំណុចផ្លូវលេខ៣៦១​ សង្កាត់​ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រួមមាន៖១.​ឈ្មោះ​ ម៉ក់​ សុវណ្ណាឌី ភេទប្រុស​ អាយុ១៦ឆ្នាំ​ ជនជាតិខ្មែរ(អ្នកបេីក)និង២.​ឈ្មោះ​ ខែម​ វិរះពិទូរ​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ ជនជាតិខ្មែរ(ដៃដល់)។ ចំពោះសំភារ:ដកហូតមាន ម៉ូតូម៉ាក SUZUKI-NEX ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1JS-9473(របស់ជនសង្ស័យ)។

បច្ចុប្បន្នកម្លាំងជំនាញការិយាល័យ បានបញ្ជូនជនសង្ស័យខាងលេី​ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង