ចាប់បានពងមាន់អត់ច្បាប់ជាង៣០០០០គ្រាប់យកចូលពីវៀតណាមតាមច្រកព្រំដែននៅខេត្តតាកែវ

ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៅវេលាម៉ោង១២៖៤០នាទីថ្ងៃត្រង់ នាថ្ងៃទី១០ ខែសីហាឆ្នាំ ២០២៣ បានឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ចុះស្ទាក់ចាប់រថយន្តមួយគ្រឿងម៉ាក HYUNDAI ស្លាកលេខភ្នំពេញ 3F-5492 ដឹកពងមាន់ចំនួន៣៦,០០០គ្រាប់ ដឹកចេញពីប្រទេសវៀតណាម តាមច្រកកំពង់អំពិល ស្រុកបុរីជលសារ ខេត្តតាកែវ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ រួចឆ្ពោះទៅលក់ចែកចាយនៅខេត្តកំពង់ធំ (តាមការឆ្លើយបំភ្លឺរបស់ម្ចាស់ដឹកពងមាន់)។

ក្រុមការងារបានឃាត់នៅចំណុច ភូមិ វាលថ្លាន់សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រុមការងារបាននាំយកពងមាន់ និងវត្ថុតាងទាំងនោះទៅរក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ នេះបើតាមការឲ្យដឹងពីលោក ហ៊ុន សារ៉ាត់ ក្រុមអន្តាគមន៍បង្រ្កាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។

គួរជម្រាបថា នេះមិនមែនជាលើកទី១ទេដែលអាជាធរបន្តចាប់បានស៊ុតបក្សីជាច្រើនម៉ឺនគ្រាប់ ដែលដឹកពីវៀតណាមដោយខុសច្បាប់។​មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីថ្ងៃទី១១ខែកក្កដា បានស្ទាក់ចាប់បានរថយន្តមួយគ្រឿង ម៉ាក SANGYONG ISTANA ជាប្រភេទរថយន្តដឹកអ្នកដំណើរ ១៥កៅអី ដឹកពងមាន់-ទាចំនួន ២៣៧០០គ្រាប់ ពីវៀតណាម មកកាន់កម្ពុជាតាមស្រុកគិរីវង់ ខេត្តតាកែវ បម្រុងយកទៅចែកចាយនៅភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាត។ នេះបើតាមហ្វេសប៊ុក របស់ លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល។

ដោយឡែក នៅថ្ងៃទី១២ ខែកក្កដា ក្រុមការងាជំនាញដដែល ចាប់បានរថយន្តមួយគ្រឿងទៀត ម៉ាកSSANGYONG ISTANA ជាប្រភេទរថយន្តដឹកអ្នកដំណើ១៥កៅអីដូចគ្នា ដឹកស៊ុតសត្វមាន់ចំនួន៣៧៥០០គ្រាប់ ពីវៀតណាម តាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវចូលមកលក់ចែកចាយនៅភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាត៕

អត្ថបទដែលជាប់ទាក់ទង