នគរបាលខេត្តបន្ទាយមានជ័យសង្ស័យថា ជនសង្ស័យអាចលេបថ្នាំញៀនចូលក្នុងពោះ ទើបមានអាការះប្លែក បែកពពុះមាត់វាពេញក្នុងបង្គន់ ក្រោយមកគាំងបេះដូងស្លាប់តែម្ដង
បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានមិនពិតថា កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យបានចុះចាប់ឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀនកាលពីវេលាម៉ោងជាង២រសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ហើយយុវជនរូបនោះបានស្លាប់ក្រោយពីកម្លាំងនគរបាលចាប់ឃាត់ខ្លួនបានជាងកន្លះម៉ោង។
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
បានប្រាប់ឲ្យបណ្ដាញសារព័ត៌មាន The Mirror News ដឹងថា នៅថ្ងៃទី១១ ខែសីហា ២០២៣ វេលាម៉ោង១០និង៣០នាទី មានប្រជាពលរដ្ឋឈ្មោះ ងួន ង៉ាន ភេទប្រុស អាយុ ៣៩ឆ្នាំ នៅភូមិចុងគោក ឃុំតាឡំ ស្រុកមង្គលបូរី បានរាយការណ៍ថា មានឈ្មោះ លាង ឡាង ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិពោធិរៀង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី បានឲ្យខ្លួនទៅយកថ្នាំញៀនចំនួន៤០០.០០០រៀល នៅចំណុចវត្តដងរុន ភូមិដងរុន ឃុំបន្ទាយនាង ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញាកម្លាំងជំនាញ បានចុះទៅដល់វត្តដងរុន ប្រទះឃើញជនសង្ស័យឈ្មោះ លាង ឡាង ភេទប្រុស អាយុ ៣២ឆ្នាំ ជិះលើម៉ូតូក្នុងវត្ត ដៃកាន់ទូរស័ព្ទបំរុងគេចខ្លួន កម្លាំងយើងឃើញក៏ចាប់ឃាត់ខ្លួន ហើយឆែកឆេរពុំមានថ្នាំញៀនទេ ពេលសួរជនសង្ស័យឆ្លើយថា ខ្លួនបានបោះថ្នាំញៀនចោល តែសមត្ថកិច្ចរកមិនឃើញ បន្ទាប់មកក៏បាននាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដើម្បីសាកសួរបន្ថែមទៀត ពេលមកដល់កន្លែងជនសង្ស័យបានសុំហូបបាយ និងសុំជួបម្តាយមីងឈ្មោះ ធា បានគាត់ដឹងជម្ងឺខ្ញុំយ៉ាងម៉េច ពេលនោះសមត្ថកិច្ចបានឲ្យបាយហូបមួយកញ្ចប់ តែហូបមិនទាន់រួចផង ជនសង្ស័យថា ឈឺពោះហើយសុំទឹកផឹកជាច្រើនដប ហើយសុំចូលបង្គន់ ពេលនោះឃើញជនសង្ស័យយកទឹកស្រោចខ្លួនស្រែកថា ក្តៅណាស់ យើងមានការសង្ស័យថា ជនសង្ស័យអាចលេបថ្នាំញៀនលេបចូលក្នុងពោះ បន្ទាប់មកឃើញជនសង្ស័យមានអាការះប្លែក បែកពពុះមាត់វាពេញក្នុងបង្គន់។
ជាមួយគ្នានោះ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ បានបន្តឲ្យដឹងទៀតថា ដោយមានការសង្ស័យកម្លាំងបានរាយការណ៍ជូន ឯកឧត្តមព្រះរាជអាជ្ញាពីអាការះជនសង្ស័យភ្លាមៗនោះនៅម៉ោង១៣និង០០នាទី ឯកឧត្តមព្រះរាជអាជ្ញាឲ្យយកទៅកាន់មន្ទីពេទ្យបានធ្វើតេស្តទឹកនោមមានសារធាតុញៀន ហើយគ្រូពេទ្យបានជួយសង្រោះជាបន្ទាន់រហូតដល់ម៉ោង១៧និង១៥នាទីជនសង្ស័យបានស្លាប់ ក្រោយពីការស្លាប់ កម្លាំងបានរាយការណ៍ជូនឯកឧត្តមព្រះរាជអាជ្ញា ថាជនសង្ស័យបានស្លាប់បន្ទាប់មក ឯឧត្តមព្រះរាជអាជ្ញាបានឲ្យយោបល់ជៀសវាងការចោទប្រកាន់។
លោកស្នងការបានបន្ថែមថា គ្រូពេទ្យនិងនគរបាលកោសល្យវិច្ឆ័យធ្វើការត្រួតពិនិត្យលើសាកសពពិតជាមិនមានស្លាកស្នាមដោយសារការវាយដំទេ តាមការបញ្ជាក់របស់គ្រូពេទ្យជនសង្ស័យដែលស្លាប់ ពិតជាស្លាប់ដោយសារគាំបេះដូង ក្រោយពីការពិនិត្យរបស់គ្រូពេទ្យនិងកម្លាំងជំនាញកោសល្យវិច្ឆ័យ ក្រុមគ្រួសារសព បានទទួលស្គាល់តាមការពិនិត្យរបស់គ្រូពេទ្យ ក្នុងករណីស្លាប់នេះគឺដោយសារគាំងបេះដូង ក្រោយពីបានការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញា កម្លាំងជំនាញស្រុក បានប្រគល់សាកសពជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី។
ទាក់ទិនករណីខាងលើនេះ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យក៏បានគូសបញ្ជាក់ដែរថា កម្លាំងរបស់លោកគឺធ្វើប្រតិបត្តិតាមជំនាញ និងតាមវិជ្ជាជីវៈត្រឹមត្រូវ ចំពោះថាកម្លាំងរបស់លោកធ្វើទារុណកម្ម វ៉ៃដុំដើម្បីសួរចម្លើយដោយប្រការណាមួយនោះ គឺគ្មានទេ លោកសុំបដិសេធចោលទាំងស្រុងតែម្ដង៕