ប៉ូលិសខណ្ឌដូនពេញឃាត់យុវជនម្នាក់បន្ទាប់ពីរកឃើញមានកាំភ្លើងAKស្វាយបត់មួយដើមនៅក្នុងរថយន្ត

នៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ កម្លាំងនគរបាលខណ្ឌដូនពេញបានឃាត់យុវជនម្នាក់បន្ទាប់ពីរកឃើញកាំភ្លើងAKមួយដើមនៅក្នុងរថយន្ត នៅចំណុចគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅផ្លូវព្រះស៊ីសុវត្ថិ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា យុវជនជាជនសង្ស័យដែលត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនឈ្មោះ រុន សុវណ្ណវុត្ថា អាយុ ២៤ឆ្នាំ ជាជនជាតិខ្មែរ មុខរបរនៅផ្ទះស្នាក់នៅផ្ទះលេខ៦៨G ផ្លូវលំ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដោយបានបើករថយន្តម៉ាក TOYOTA ព្រូស សេរីឆ្នាំ2010 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2BM-9691។

ប្រភពព័ត៌មានបន្តថា នាពេលនោះ កម្លាំងនគរបាលបានដកហូតវត្ថុតាងបានរួមមាន៖ អាវុធម៉ាកAK47 លេខ16193934 ស្វាយបត់ ផលិតនៅប្រទេសចិន បង់1ប៉ុន្តែគ្មានគ្រាប់។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានដូនពេញដើម្បីចាត់ការបន្តនីតិវិធីតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង