សម្ដេចតេជោ ហ៊ុន សែន៖នាយករដ្ឋមន្រ្តីថ្មីទាំងពីរ កម្ពុជា និងថៃ នឹងធ្វើការទំនាក់ទំនងជាមួយគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ ឱ្យរីកចម្រើនទ្វេដង
ប្រធានឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នាយករដ្ឋមន្រ្តីថ្មីទាំងពីរ (កម្ពុជា និងថៃ) នឹងធ្វើទំនាក់ទំនងជាមួយគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ ឱ្យរីកចម្រើនទ្វេដងបន្ថែមទៀត។
នៅលើបណ្ដាញតេឡេក្រាមនាល្ងាចថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣ សម្ដេចតេជោបានសរសេរថា ថ្ងៃនេះជាការគាប់ជួនខ្លាំងណាស់ ដោយប្រទេសពីរ កាន់របបរាជានិយមដូចគ្នានៅជិតខាងគ្នា (កម្ពុជា និងថៃ) ទទួលបាននាយករដ្ឋមន្រ្តីថ្មីក្នុងថ្ងៃតែមួយ។
សម្តេចតេជោគូសបញ្ជាក់ថា៖ «បើទោះបីខ្ញុំឈប់ធ្វើជានាយករដ្ឋមន្រ្តីកម្ពុជាចាប់ពីថ្ងៃនេះតទៅក៏ដោយ ខ្ញុំសូមផ្ញើសារអបអរសាទរជូនចំពោះឯកឧត្តម Srettha Thavisin ដែលត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសរើសជា នាយករដ្ឋមន្រ្តីថ្មី របស់ប្រទេសថៃ។ ខ្ញុំសង្ឃឹមថា នាយករដ្ឋមន្រ្តីថ្មីទាំងពីរ នឹងធ្វើទំនាក់ទំនងជាមួយគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរឱ្យរីកចម្រើនទ្វេដងបន្ថែមទៀត»៕