រដ្ឋលេខាធិការក្រសួងសង្គមកិច្ចឯកឧត្តម ឯម ច័ន្ទមករា គាំទ្រឱ្យបង្កើតសមាគមន៍មនុស្សគថ្លង់នៅកម្ពុជា

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការឯកឧត្ដម ឯម ច័ន្ទមករា បានគាំទ្រឱ្យមានការបង្កើតសមាគមន៍មនុស្សគថ្លង់នៅកម្ពុជា ដោយស្នើឱ្យមានប្រធានគ្រប់គ្រង និងព័ត៌មានលំអិតបន្ថែមទៀតពីការគ្រប់គ្រងដឹកនាំដើម្បីរក្សាស្ថិរភាពរឹងមាំនៃសមាគមន៍។ លោកថាការបង្កើតគឺជារឿងងាយស្រួល តែការរក្សានិរន្តរភាពទើបជារឿងដែលពិបាក។

ថ្លែងក្នុងកម្មវិធីសំណេះសំណាលថ្នាក់ដឹកនាំក្រុមប្រឹក្សាសកម្មភាពជនពិការ និងថ្នាក់ដឹកនាំវិទ្យាស្ថានជាតិអប់រំពិសេស ជាមួយសិក្ខាកាមវគ្គបណ្ដុះបណ្តាលផ្នែកការបកប្រែភាសាសញ្ញាជំនាន់ទី១០» ថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឯម ច័ន្ទមករា បានគាំទ្រលើសំណូមពរពីវិទ្យាស្ថានជាតិអប់រំពិសេសក្នុងការបង្កើតសមាគមមនុស្សគថ្លង់នៅកម្ពុជា និងស្នើឱ្យពិចារណាពីទំហំនៃការងារដើម្បីរក្សាពីនិរន្តភាពនៃសមាគម។

ឯកឧត្តម ឯម ច័ន្ទមករា បន្តថា៖ «ការបង្កើតវាស្រួលទេ តែនិរន្តភាពសម្រាប់សមាគមន៍ ឬសហគមន៍នោះទើបវាជាការចាំបាច់។ អ៊ីចឹងទេសំណូមដែលដាក់មកខ្ញុំនេះខ្ញុំស្នើទៅវិញថាគួរបង្កើតត្រឹមកម្រិតណា?»។

បច្ចុប្បន្នកម្ពុជាមានជនមានពិការភាពគថ្លង់ជិត ១លាននាក់ ខណៈរដ្ឋាភិបាលកំពុងជំរុញឱ្យមានការផ្សព្វផ្សាយជាភាសាសញ្ញាឱ្យបានច្រើនដើម្បីផ្ដល់នូវព័ត៌មាននានាដល់ជនមានពិការភាពគថ្លង់បានដឹង តែបញ្ហានោះគឺគ្រូភាសាសញ្ញានៅមានចំនួនតិចតួចប៉ុណ្ណោះ។

វិទ្យាស្ថានជាតិអប់រំពិសេសបានឱ្យដឹងថា មកដល់ពេលនេះគ្រូភាសាសញ្ញានៅកម្ពុជាមានប្រមាណតែ ១២២នាក់ប៉ុណ្ណោះ ដោយឯកឧត្ដមអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការបានជំរុញឱ្យក្រុមការងារប្រមូលទិន្នន័យនិងទំនាក់ទំនងអ្នកទាំង១២២នេះដើម្បីទទួលបានការងារនៅតាមស្ថានីយទូរទស្សន៍ដែលមានតម្រូវការជំនាញនេះ។

ឯកឧត្តមបន្ថែមថាអ្នកបកប្រែភាសាសញ្ញានៅកម្ពុជាកំពុងមានមានតម្រូវការទីផ្សារច្រើន ខណៈការអប់រំអំពីសារៈសំខាន់នៃសេវាបកប្រែភាសាសញ្ញាកម្ពុជានៅមានកម្រិតនៅឡើយ ដោយជំរុញឱ្យមានការផ្សព្វផ្សាយកាន់តែទូលំទូលាយ និងបង្កើតកម្មវិធីបណ្ដុះបណ្ដាលសេវាបកប្រែភាសាសញ្ញាកម្ពុជាជាផ្លូវការដែលបញ្ជូននូវមុខជំនាញមួយៗឱ្យបានច្បាស់លាស់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង