រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចថ្មីប្តេជ្ញាធ្វើការជាមួយមន្ត្រីជំនាញដើម្បីបម្រើប្រយោជណ៍ជូនពលរដ្ឋ

ឯកឧត្តម ជា សុមេធី ក្នុងនាមជារដ្ឋមន្រ្តីថ្មីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានបេ្តជ្ញាធ្វើការជាមួយមន្ត្រីជំនាញដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។

ឯកឧត្ដមបានបង្ហាញការប្តេជ្ញានេះក្នុងឱកាសជួបសំណេះសំណាលជាមួយអតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្ដម វង សូត និងមន្ត្រីក្រសួងសង្គមកិច្ច កាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។ ដើម្បីឱ្យកិច្ចការជោគជ័យស្របតាមគោលដៅយុទ្ធសាស្ត្របញ្ចកោណចំនួន ៥ចំណុច មន្ត្រីក្រសួងសង្គមកិច្ចត្រូវបន្តកិច្ចការសំខាន់ពោលត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងបន្តធ្វើការទៅមុខរួមគ្នាដើម្បីជួយដល់ពលរដ្ឋ។

ឯកឧត្តម ជា សុមេធី បានកោតសរសើរចំពោះកិច្ចការងារ និងសមិទ្ធផលជាច្រើនដែល ឯកឧត្តម វង សូត បានសម្រេចកន្លងមក ដូចជាការកសាងមណ្ឌលថែទាំ និងសា្តរនីតិសម្បទាជនមានវិបល្លាសស្មារតី មជ្ឈមណ្ឌលព្យាបាលអ្នកញៀនគ្រឿងញៀន មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកគ្រឿងញៀន មណ្ឌលថែទាំមនុស្សចាស់ដែលកំពុងសាងសង់ មណ្ឌលយុវនីតិសម្បទាសម្រាប់អានីតិជនទំនាស់នឹងច្បាប់ និងការអនុវត្តបានយ៉ាងជោគជ័យ នូវកម្មវិធីជំនួយសង្គមនានា ដែលបានដាក់ឱ្យអនុវត្តតាំងពីការរាតត្បាត កូវីដ-១៩ មកទល់បច្ចុប្បន្ន៕

អត្ថបទដែលជាប់ទាក់ទង