ឯកឧត្តម សាយ សំអាល់៖កម្ពុជាក្នុងនាមរដ្ឋសមាជិកមានភារកិច្ចរក្សាការពារតំបន់រមណីយដ្ឋានអង្គរ ជាមរតកកេរ្តិ៍ដូនតា ជាអត្តសញ្ញាណនៃដួងព្រលឹងរបស់ជាតិ 

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា «កម្ពុជាក្នុងនាមរដ្ឋសមាជិកមានភារកិច្ចរក្សាការពារតំបន់រមណីយដ្ឋានអង្គរ ដែលជាមរតកកេរ្តិ៍ដូនតា ជាអត្តសញ្ញាណនៃដួងព្រលឹងរបស់ជាតិ ក៏ដូចជាតម្លៃជាសកល នៃសម្បត្តិបេតិកភណ្ឌពិភពលោក សម្រាប់មនុស្សជាតិទាំងមូល»។

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារដោះស្រាយបញ្ហាសំណង់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នាសាលាខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រុញដល់ ក្រសួង ស្ថាប័នពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ខ្ពស់ សំខាន់អាជ្ញាធរខេត្ត អាជ្ញាធរជាតិអប្សរា ក្នុងការពិនិត្យវឌ្ឍនភាព នៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ក្នុងការជម្រុញកិច្ចការ ដែលនៅសេសសល់ និងយកចិត្តទុក ដាក់លើបញ្ហាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ព្រមទាំងការគាំទ្រដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានផ្លាស់ទីទៅតាំងទីលំនៅក្នុងតំបន់នោះទៀតផង។

ជាមួយគ្នានោះ ឯកឧត្តម សាយ សំអាល់ បានជំរុញដល់អាជ្ញាធរខេត្តសៀមរាប ធ្វើយ៉ាងណាពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ក្នុងស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែងក្នុងស្រុកអង្គរធំ។

ទន្ទឹមនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ក៏ដូចជាអាជ្ញាធរជាតិអប្សរា គប្បីត្រូវសហការយ៉ាងជិតស្និទ្ធិជាមួយអាជ្ញាធរខេត្តសៀមរាប ក្នុងការដោះស្រាយសម្របសម្រួល និងថែរក្សាការពារឲ្យបាននូវតំបន់អភិរក្ស ក្នុងតំបន់រមណីយដ្ឋានអង្គរ គឺតំបន់១ តំបន់២ និងតំបន់៣ កុំឲ្យមានការរំលោភបំពានដោយខុសច្បាប់បន្តទៀត ដើម្បីរក្សាទុកជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ជាតិ និងពិភពលោកផងដែរ ។

ឯកឧត្តមក៏បានលើកនូវអនុសាសន៍ និងវិធានការល្អៗ សំដៅជំរុញឲ្យការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យ។

យោងតាមរបាយការណ៍របស់ក្រុមការងារបានឲ្យដឹងថា ការងារចលនាប្រជាពលរដ្ឋ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ មកទល់ពេលនេះ មានប្រជាពលរដ្ឋ បានចាប់ឆ្នោតជ្រើសរើសដីឡូត៍ សរុប ៩,៨៣៦គ្រួសារ។ លើផ្ទៃដីសរុបសម្រាប់ ធ្វើប្រទានកម្មជូនប្រជាពលរដ្ឋ ដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរ មានទំហំ ២,៤៥៦ហិកតា បែងចែកជា ២០,៩៥២ឡូត៍ ។ ចំពោះការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អភិវឌ្ឍន៍រុនតាឯក គឺបានចាក់ដីបំពេញទីតាំងជូនប្រជាពលរដ្ឋ បានស្ថាបនាផ្លូវគ្រួសក្រហម សាងសង់អនុវិទ្យាល័យ និងវិទ្យាល័យ មណ្ឌលសុខភាព ផ្សារ វត្ត មណ្ឌលរដ្ឋបាលស្រុក ដំឡើងបំពង់មេទឹកស្អាត និងតបណ្ដាញចែកចាយទឹកស្អាតតាមផ្ទះប្រជាពលរដ្ឋ ការងារដាំបង្គោល និងភ្ជាប់បណ្ដាញខ្សែភ្លើងមេ តបណ្ដាញចែកចាយអគ្គិសនីតាមផ្ទះប្រជាពលរដ្ឋ ដំឡើងបង្គោល អង់តែនទូរស័ព្ទ។ ចំពោះការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង គឺមានដូចជាការងារឈូសឆាយ និងសម្អាតដីឡូតិ៍ ស្ថាបនាផ្លូវបេតុងក្រៅតំបន់អភិវឌ្ឍន៍ ស្ថាបនាផ្លូវកៅស៊ូក្នុងតំបន់អភិវឌ្ឍន៍ សាងសង់មណ្ឌលសុខភាព សាលារៀន ផ្សារ មណ្ឌលរដ្ឋបាលស្រុក បណ្តាញទឹកស្អាត បញ្តាញអគ្គិសនី៕

អត្ថបទដែលជាប់ទាក់ទង