រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងរដ្ឋមន្ត្រីក្រសួងការងារ ធ្វើជាអធិបតីបើកប្រកួតរ៉ូបូតថ្នាក់អន្តរជាតិ ឆ្នាំ២០២៣
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា និង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងការប្រកួតរ៉ូបូតថ្នាក់អន្តរជាតិ (ABU ROBOCON 2023) នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នាសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ។
គួរជម្រាបថា អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាននឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកម្មវិធីប្រកួតប្រជែង រ៉ូបូតថ្នាក់អន្តរជាតិ ( ABU ROBOCON 2023 ) ដើម្បីស្វែងរកជើងឯក ប្រចាំឆ្នាំ និងផ្តល់ឱកាសដល់និស្សិតមក ពីបណ្តាប្រទេសផ្សេងៗ បង្ហាញសមត្ថភាពបច្ចេកវិទ្យាដោយផ្ទាល់ និងការចែករំលែកបទពិសោធន៍រវាងយុវជន។
ក្រុមជើងឯក នៃប្រទេសនិងដែនដីទាំង១៣ ស្មើនឹង១៤ក្រុម នឹងចូលរួមប្រកួតនៅកម្ពុជា រួមមាន៖ កម្ពុជា (២ក្រុម) ចិន អេហ្ស៊ីប ដែនដីហុងកុងនៃប្រទេសចិន ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី ម៉ុងហ្គោលី , នេប៉ាល់ ស្រីលង្កា ថៃ និងប្រទេស វៀតណាម ។
ក្រុមទាំងអស់ នឹងប្រកួតប្រជែងនៅលើទីលានតទល់គ្នាដោយផ្ទាល់ ក្រោមវិញ្ញាសារបស់ព្រះរាជាណាចក្រកម្ពុជា ពោលគឺ “រ៉ូបូតបាចផ្កាលើប្រាសាទអង្គរវត្ត ឬ រ៉ូបូតបោះកងចូលក្នុង បង្គោល” ។
ព្រឹត្តិការណ៍នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទី១ ដែលមានការប្រកួតរ៉ូបូតធំជាងគេនៅអាស៊ីប៉ាស៊ីភិក រៀបចំនៅកម្ពុជា ព្រមទាំងអាចបង្ហាញពីភាពរីកចំរើន ផ្នែកបច្ចេកវិទ្យារ៉ូបូតរបស់កម្ពុជា ទៅកាន់ពិភពលោក៕