ឯកឧត្តម ថោ​ ជេដ្ឋា​ ដឹកនាំមន្ត្រី​ជំនាញចុះពិនិត្យជាក់ស្តែង​នូវរោងចក្រ​ធុនធ្ងន់ ម៉ាស៊ីនបូមទឹក​ និងសម្ភារមួយចំនួនទៀត

រដ្ឋមន្ត្រីក្រសួងធនធានទឹក​ និងឧតុនិយម​ ឯកឧត្តម ថោ​ ជេដ្ឋា​ នាថ្ងៃទី២៧ សីហា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលជាក់ស្តែង​នូវរោងចក្រ​ធុនធ្ងន់ ម៉ាស៊ីនបូមទឹក​ និងសម្ភារមួយចំនួនទៀតសម្រាប់បម្រើឲ្យការងារជួសជុលថែទាំ​នៅមូលដ្ឋានជម្រកគ្រឿងចក្រ​ និងម៉ាស៊ីនបូមទឹករបស់ក្រសួងធនធានទឹក​ និងឧតុនិយម​ ស្ថិតក្នុង​ឃុំគោករមៀត​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល។

បន្ទាប់ពីស្ដាប់ការធ្វេីសេចក្តីរាយការណ៍សង្ខេបពីចំនួន​គ្រឿងចក្រ​ និងម៉ាស៊ីនបូមទឹកចល័ត​ ក៏ដូចជាការងារជួសជុលថែទាំ​ និងកិច្ចការងារអន្តរាគមន៍ ឯកឧត្ដមរដ្ឋមន្ត្រីបានណែនាំ​ និងផ្តាំផ្ញេីបន្ថែមទៅប្រធាននាយកដ្ឋានពាក់ព័ន្ធថា ចំពោះរាល់គ្រឿងចក្រទាំងទេីបទទួលបានថ្មី​ ត្រូវតែថែរក្សា​ បែងចែក​ និងចុះបញ្ជីសារពេីភណ្ឌទ្រព្យសម្បត្តិរដ្ឋឲ្យបានត្រឹមត្រូវ​ច្បាស់លាស់។

ឯកឧត្តមបន្តថា ចំពោះអគារទាំង២ក្នុងជម្រកនេះ​ រួមមាន៖​ អគារនាយកដ្ឋានវិស្វកម្ម​ និងអគារនាយកដ្ឋានធារាសាស្ត្រកសិកម្ម
ត្រូវតែរៀបចំឲ្យមានមន្រ្តីប្រចាំការ និងរៀបចំបន្ទប់ការិយាល័យធ្វើការឲ្យមានរបៀបរៀបរយសម្រាប់គ្រប់គ្រងទិន្នន័យចុះបញ្ជីគ្រឿងចក្រ​ ម៉ាស៊ីនបូមទឹក​ សម្ភារបរិក្ខារ​ និងគ្រឿងបន្លាស់នានា​ ដេីម្បីបង្កលក្ខណ:ងាយស្រួលក្នុងការគ្រប់គ្រង​ និងត្រៀមរួចជាស្រេចសម្រាប់កិច្ចការងារអន្តរាគមន៍​បន្ទាន់ឲ្យបានទាន់ពេលវេលា​ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ ជាពិសេសត្រូវតែបង្កេីតបទដ្ឋានការងារជួសជុល​ និងថែទាំ​ ពីព្រោះការងារនេះ​ គឺជាការងារស្នូលសម្រាប់កិច្ចការងារអន្តរាគមន៍​នានា ដែលពួកយេីងទាំងអស់គ្នាជាមន្ត្រីបច្ចេកទេស​ ត្រូវបង្កេីនការយកចិត្តទុកដាក់​ និងពង្រឹងសមត្ថភាព​ រួមទាំងសណ្តាប់ធ្នាប់​បបន្ថែមឲ្យបានត្រឹមត្រូវទៅតាមលក្ខណ:បច្ចេកទេស​ ថែមទាំងឲ្យមាននូវការបណ្តុះបណ្តាលជំនាញបន្ថែមដេីម្បីរកអ្នកបន្តវេន​ ជាមួយនឹងការលេីកទឹកចិត្ត​ផ្សេងៗ ដោយអាចបញ្ចូលឈ្មោះពួកគាត់ជាមន្ត្រីបុគ្គលិកបណ្ដែតផងដែរ។

គួរបញ្ជាក់ថា ប្រឡាយលេខ៩៤ និង៩៦​ គឺមានសារៈសំខាន់សម្រាប់ធ្វើការដោះជំនន់ទឹកភ្លៀង បញ្ចៀសការលិចលង់ខណ្ឌមួយចំនួនរបស់រាជធានីភ្នំពេញ មួយផ្នែកនៃស្រុកកណ្ដាលស្ទឹងនិងក្រុងតាខ្មៅ ខេត្តកណ្ដាល និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះជំនន់ទឹកភ្លៀងធ្លាក់ចូលតំបន់ទំនាប។

ក្នុងស្ថានភាពនៃការបេីកមុខទឹកបន្ថែមនៃប្រឡាយទាំង២ គឺជាកត្តាសំខាន់​ ត្រូវយកចិត្តទុកដាក់សិក្សាបន្ថែម ដែលអាចជួយរំដោះបានទឹកជំនន់ទឹកភ្លៀង បង្កឲ្យមានការលិចលង់ភូមិសាស្ត្រខណ្ឌ ស្រុកមួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល និងនាំឲ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ពន្ធសាធារណៈរបស់រដ្ឋ រោងចក្រសហគ្រាស ផ្ទះសម្បែង ទ្រព្យសម្បត្តិ អាយុជីវិត និងជីវភាពសេដ្ឋកិច្ចរស់នៅរបស់ប្រជាពលរដ្ឋ​ ព្រមទាំងអាចបញ្ចៀសបាននូវគ្រោះមហន្តរាយ ជាពិសេសជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោតដែលកើតមានស្ទើរជារៀងរាល់ឆ្នាំ ដែលបង្កឲ្យមានហានិភ័យលិចលង់ដល់ហេដ្ឋារចនាសម្ពន្ធសាធារណៈ ក៏ដូចជារបស់ប្រជាពលរដ្ឋក្នុងបរិបទបម្រែបម្រួលអាកាសធាតុ ដែលអាចកើតមានឡើងជាយថាហេតុនាពេលអនាគតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង