រដ្ឋមន្រ្តីថ្មីក្រសួងសុខាភិបាលបន្តចុះពិនិត្យការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ និងពិនិត្យហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសាធារណៈសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាព្រឹកថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ និងពិនិត្យហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសាធារណៈសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពវិស័យសុខាភិបាល រួមទាំងបញ្ហាប្រឈមនានា ដើម្បីជំរុញសេវាថែទាំសុខភាពនៅក្នុងខេត្ដនេះ ឱ្យកាន់តែធានាបាននូវគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអណត្តិទី៧ ជំរុញបង្ខិតសេវាថែទាំសុខភាព ឱ្យបានកាន់តែគៀកប្រជាពលរដ្ឋ។
នាឱកាសនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី រួមជាមួយ ឯកឧត្តមអភិបាលខេត្តបាត់ដំបងក៏បានអញ្ជើញជួបសំណេះសំណាល និងពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាលខេត្តបាត់ដំបង នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង។
ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ ក្នុងការប្រតិបត្តិឱ្យទទួលបានជោគជ័យ និងថ្លែងអំណរគុណ ព្រមទាំងកោតសរសើរដល់មន្ដ្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវ:ខ្ពស់។
ជាមួយគ្នានោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មានសង្ឃឹមយ៉ាងមុតមាំថា ដោយមានសហការគាំទ្រពីអាជ្ញាធរមូលដ្ឋាន មន្រ្តីសុខាភិបាល នឹងចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ឱ្យទទួលបានជោគជ័យ។
គួរបញ្ជាក់ដែរថា កាលពីល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងប្រតិភូក្រសួងសុខាភិបាល ក៏បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមផ្សេងៗ នៅមន្ទីរពេទ្យបង្អែកស្រុកមោងឬស្សី និងមណ្ឌលសុខភាពព្រៃតូច នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបងផងដែរ៕