ស្នងការខេត្តកណ្ដាលព្រមានចាត់វិធានការតាមច្បាប់ចំពោះជនខិលខូចលួចបង្កើតគណនីហ្វេសប៊ុកក្លែងបន្លំជាស្នងការដ្ឋាននគរបាលខេត្តកណ្តាល
បន្ទាប់ពីទទួលបានព័ត៌មានថា មានជនខិលខូចបានលួចបង្កើតគណនីហ្វេសប៊ុកក្លែងបន្លំជាស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបញ្ជាក់ថា ថ្មីៗនេះមានជនខិលខូចមួយចំនួនបានបង្កើតគណនីហ្វេសប៊ុកក្លែងបន្លំ ដោយដាក់ឈ្មោះថា ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមិនមែនជាផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នោះទេ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សបានបញ្ជាក់ទៀតថា ស្នងការដ្ឋាននគរបាលខេត្តកណ្តាលមានផេកផ្លូវការតែមួយគត់ ដែលមានឡូគោល សញ្ញារូបសឹង មានអក្សរអគ្គស្នងការដ្ឋាននគរបាលជាតិ នៅពីលើ និងមានអក្សរស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅពីខាងក្រោម។
ប្រភពបញ្ជាក់បន្ថែមថា ស្នងការដ្ឋាននគរបាលខេត្ត នឹងធ្វើការស្រាវជ្រាវស្វែងរកអត្តសញ្ញាណជនខិលខូចដែលក្លែងបន្លំខាងលើ ដើម្បីអនុវត្តច្បាប់។
ជាមួយគ្នានោះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សបានបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបនិងតម្រូវឲ្យអ្នកពាក់ព័ន្ធបញ្ឈប់ និងលុបរាល់គណនីដែលខ្លួនបានបង្កើតជាបន្ទាន់៕