ប៉ូលិសស្រុកថ្មគោលចាប់ឃាត់ខ្លួនមុខសញ្ញាលួចខ្សែភ្លើងនិងដែករបស់ប្រជាពលរដ្ឋតាមផ្ទះបានហើយ

បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកថ្មគោលចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីលួចខ្សែភ្លើង និងដុំភ្លើងខ្សែស្ពាន់ នៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិកណ្ដាលជើង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យន់ សុខសាន្ត ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិកណ្ដាលជើង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលបានបាត់បង់សម្ភារៈមួយចំនួនរួមមាន ខ្សែភ្លើងប្រវែង៥០ម៉ែត្រ, ដុំភ្លើងចំនួន០៥ដុំ តូចចំនួន០៤ ធំចំនួន០១, ខ្សែស្ពាន់ចំនួន ០៦គីឡូក្រាម, ខ្សែស្ពាន់ពណ៌ក្រហមចំនួន០៤ដុំតូច និងដែកអក្សរអ៊ឺចំនួន០១ដុំ។

ប្រភពព័ត៌មានដដែលបានបន្តឲ្យដឹងទៀតថា ក្រោយពីទទួលបណ្តឹងជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្មុំ ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆាយ កំសត់ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិកណ្ដាលជើង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង យកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្មុំ ដើម្បីធ្វើការសាកសួរ។

ក្រោយពីធ្វើការសាកសួររួចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចូលលួចយកសម្ភារៈជនរងគ្រោះខាងលើពិតប្រាកដមែន។

បច្ចុប្បន្នជនសង័្សយខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកថ្មគោល កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង