នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ នេះជាលើកទី១សម្រាប់រដ្ឋាភិបាលអាណត្តិថ្មីទី៧ ក្រោយពីបានប្រកាសសុពលភាពជាផ្លូវការកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣កន្លងទៅ ដែលថ្ងៃនេះ បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងសម្ដេចម៉ែ
នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងទៅពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃចន្ទទី២៨ ខែសីហា ឆ្នាំ២០២៣។
ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ទ្រង់នឹងយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។
វត្តមានការយាង និងអញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះអង្គទាំងទ្វេរនានេះ មានសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រះរាជវង្សានុវង្ស រួមមាន សម្ដេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា, លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា, ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្ រនិងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ, សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ,សម្ដេចសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ, ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច, ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។
នេះជាលើកទី១សម្រាប់រដ្ឋាភិបាលអាណត្តិថ្មីទី៧ ក្រោយពីបានប្រកាសសុពលភាពជាផ្លូវការកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣កន្លងទៅ ដែលថ្ងៃនេះ បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងសម្ដេចម៉ែ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាថ្ងៃនេះ ដោយមានការចូលរួមទាំងសមាជិកព្រឹទ្ធសភា រដ្ឋសភារាជរដ្ឋាភិបាល ព្រះរាជវង្សានុវង្ស ដែលបង្ហាញពីការរួបរួមសាមគ្គីក្រោមម្លប់ព្រះមហាក្សត្រ និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី៕