ឯកឧត្តម គួច ចំរើន បានសំដែងការសោកស្ដាយជាពន់ពេកចំពោះគ្រោះអគ្គីភ័យដែលបានបណ្ដាលឲ្យប្រជាពលរដ្ឋចំនួន៥គ្រួសារបាត់បង់ផ្ទះសំបែងនិងទ្រព្យសម្បត្តិដែលខំរកមកយ៉ាងលំបាក

ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋពីសំណាក់ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាខេត្ត លោក ស កក្ដដា ប្រធានគណៈកម្មាធិការអនុសាខាក្រុងព្រះសីហនុ មន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត នៅព្រឹកថ្ងៃច័ន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣នេះ បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមខេត្ត ចែកជូនដល់ប្រជាពលរដ្ឋចំនួន៥គ្រួសារដែលបានរងគ្រោះដោយសារអគ្គីភ័យ ក្នុងនោះ ២គ្រួសារ រងការខូចខាតទាំងស្រុង និង ៣គ្រួសារទៀត រងការខូចខាតតិចតួច ដែលបានកើតហេតុនៅ វេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នេះ ស្ថិតនៅក្នុង ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខអាណិតអាសូរក្រៃ លែង ចូលរួមសោកស្ដាយចំពោះគ្រួសាររងគ្រោះ ពីសំណាក់ប្រធាន កិត្តិយសសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។

ជាមួយគ្នានេះឯកឧត្តមបានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះគ្រោះអគ្គីភ័យនេះ ដែលបណ្ដាលឲ្យបងប្អូន បាត់បង់នូវផ្ទះសំបែង ក៏ដូចជាទ្រព្យសម្បត្តិដែលខំរកមកយ៉ាងលំបាក ព្រោះនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយឯកឧត្តមបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទ ក្រហមកម្ពុជា”។

សម្ភារៈសាខាផ្ដល់ជូនដល់ ២ គ្រួសាររងគ្រោះដោយអគ្គីភ័យរងការខូចខាតទាំងស្រុង ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៥០ គីឡូក្រាម ត្រីខ ១យួរ មី ១កេស ទឹកត្រី ១យួរ ទឹកសុទ្ធ ១កេស កន្ទេល១ តង់១ សម្ភារៈផ្ទះបាយ១ឈុត ឃីត១(មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ១លានរៀល។

សម្ភារៈសាខាផ្ដល់ជូនដល ៣គ្រួសាររងគ្រោះដោយអគ្គីភ័យរងការខូចខាតតិចតួច ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៥០គីឡូក្រាម ត្រីខ ១យួរ មី ១កេស ទឹកត្រី ១យួរ ទឹកសុទ្ធ ១កេស កន្ទេល១ តង់១ ឃីត១(មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ២០ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង