សមត្ថកិច្ចឃាត់ខ្លួនបុរសដែលទះកំផ្លៀងនារីម្នាក់នៅតាមដងផ្លូវបានហើយ

កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ដែលប្រើអំពើហិង្សាទះកំផ្លៀងនារីម្នាក់ ដោយគ្រាន់តែជិះម៉ូតូសាចទឹកដាក់ និងត្រូវបានចែកចាយពេញបណ្តាញ ​Facbook បានហើយ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា សមត្ថកិច្ចខណ្ឌសែនសុខបានស្រាវជ្រាវឃាត់ខ្លួនបានបុរសដែលហ៊ានលើកដៃវាយលើស្ត្រីនៅសាធារណៈនៅថ្ងៃនេះដើម្បីបន្តអនុវត្តតាមនីតិវិធីជាបន្តទៀត។

គួរំលឹកថា កាលពីល្ងាចថ្ងៃសុក្រសប្តាហ៍មុន មានការឈ្លោះប្រកែកគ្នានៅសាធារណៈរវាងបុរសម្នាក់ និងបងប្អូនបង្កើតប្រុស-ស្រី ២នាក់ ដែលបានជិះម៉ូតូសាចទឹកដាក់លើបុរសនោះបណ្តាលឱ្យបុរសរូបនោះខឹងយ៉ាងខ្លាំង ដោយលើកដៃទះកំភ្លៀងលើស្ត្រីនោះមួយដៃយ៉ាងពេញទំហឹង បើទោះបីបងប្អូន ២នាក់នោះបានពោលពាក្យសុំទោសក៏ដោយ។ សកម្មភាពហិង្សានេះត្រូវបានពលរដ្ឋម្នាក់បានថតជាវីដេអូ និងបង្ហោះលើបណ្តោញសង្គមហ្វេសប៊ុកបង្កឱ្យមានការបញ្ចេញរិះគន់លើបុរសរូបនោះយ៉ាងចាស់ដៃ។

បើតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីបានឃើញវីដេអូ នៅលើបណ្តាញសង្គមភ្លាម ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត បានដាក់បទបញ្ជាដល់សមត្ថកិច្ចត្រូវស្រាវជ្រាវ និងតាមឃាត់បុរសរូបនេះ ដើម្បីនាំមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង