ឯកឧត្ដម វង្សី វិស្សុត៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នេះស្ថិតនៅក្នុងដំណាក់ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងលើកដំបូងរបស់ថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដោយមានការចូលរួមពីសំណាក់លោក លោកជំទាវ ជារដ្ឋលេខាធិការ និងជាអនុរដ្ឋលេខាធិការ និងលោកអគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះទាំងអស់ទីស្តីការគណៈរដ្ឋមន្រ្តី។

ឯកឧត្ដម វង្សី វិស្សុត បានជម្រាប ជូនថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី អំពីបរិការណ៍ទូទៅ, អាទិភាពសំខាន់ៗនៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១, របៀបរបបការងារក្នុងការបំពេញតួនាទីភារកិច្ចក៏ដូចការកំណត់បេសកកម្មមុខងារជាអាទិភាព របស់ទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងនាមជាសេនាធិការមួយរបស់គណៈរដ្ឋមន្រ្តី និងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាល ឱ្យបានល្អ, បានលឿន និងប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

ឯកឧត្ដមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នេះស្ថិតនៅក្នុងដំណាក់ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា ក្រោយពីបានសម្រេចបានមហាជោគជ័យដ៏ឧត្តុងឧត្តម ដែលជាមរតកមិនអាចកាត់ថ្លៃបានរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងរយៈពេល២៥ឆ្នាំ កន្លងមក ក្នុងការខិតខំស្រោចស្រង់ប្រទេសឱ្យងើបឡើងវិញ ចេញពីភ្លើងសង្គ្រាមរ៉ាំរ៉ៃ រហូតទទួលបានសុខសន្តិភាពពេញលេញ, មានការអភិវឌ្ឍ, មានភាពរីកចម្រើន គួរឱ្យស្ងើចសរសើរ ទាំងកម្រិតជីវភាពប្រជាជន ក៏ដូចជាមុខមាត់កម្ពុជា នៅក្នុងឆាកអន្តរជាតិ និងលើសាកលលោក ក្នុងនាមជាប្រជាជាតិឯករាជ្យមួយ មានឯកភាពជាតិ ជ្រកក្រោមរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយអង្គ និងរាជរដ្ឋាភិបាលតែមួយ ដែលប្រទេសយើងបានបាត់បង់អស់រយៈពេលប្រមាណ៥០០ឆ្នាំមកហើយ។ ទោះជាយ៉ាងនេះក្តី លោកបានសង្កត់ធ្ងន់ថា បរិការនៃការដឹកនាំប្រទេសសម្រាប់រយៈ២៥ឆ្នាំទៅមុខ មានភាពខុសគ្នាពីបរិការកាលពី ២៥ឆ្នាំមុន ពោលដោយសារតែការផ្លាស់ប្តូរនិន្នាការនៅក្នុងតំបន់ និងនៅលើសាកលលោក ដូចជាភូមិសាស្ត្រនយោបាយ ពីឯកប៉ូល ទៅកាន់ពហុប៉ូល, ការប្រែប្រួលនិន្នាការពាណិជ្ជកម្មពិភពលោក ពីសាកលភាវូបនីយកម្ម មកជាតំបន់ភាវូបនីយកម្ម និងទ្វេភាគីនិយម, កត្តាប្រែប្រួលអាកាសធាតុជាដើម។ ដូចនេះ ចាំបាច់ទាមទារនូវវិធីសាស្ត្រថ្មី, អភិក្រមការងារថ្មី របៀបធ្វើការថ្មី។

ហេតុដូចនេះហើយ ដំណើរឆ្ពោះទៅមុខ ក្នុងការអភិវឌ្ឍន៍ប្រទេស សម្រាប់រយៈពេល ២៥ឆ្នាំទៀត ស្ថិតនៅលើផ្លូវមួយដែលលំបាក ហើយស្មុគស្មាញខ្លាំងជាងមុន តែទោះបីជាយ៉ាងនេះក្តី ដំណើរនេះក៏ជាបេសកកម្មជាតិមួយ ដែលចាំបាច់ ហើយមានតម្លៃដ៏ឧត្តុងឧត្តមថ្លៃថ្លា របស់អ្នកដឹកនាំជំនាន់ក្រោយ ក្នុងការកសាងបន្ថែមលើមូលដ្ឋានគ្រឹះដែលមានស្រាប់ ក៏ដូចការប្តេជ្ញាបន្តរក្សាឱ្យបានជាដាច់ខាតនូវសន្តិភាព ដែលជាមរតកបុព្វជន របស់យើងខិតខំស្វែងរកយ៉ាងលំបាកផងដែរ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរៀបចំ និងបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ សំដៅជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារ, ធានាសមធម៌, បង្កើនប្រសិទ្ធភាព និងរក្សាចីរភាពនៃការអភិវឌ្ឍ ដោយធានារក្សាឱ្យបាននូវចលនការនៃការរក្សាសុខសន្តិភាព និងការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច, ការកសាងគ្រឹះរឹងមាំ សម្រាប់រុញច្រានប្រទេសកម្ពុជា ឱ្យឈានទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់, ប្រជាជនមានជីវភាពធូរធារ, ចំណេះដឹងខ្ពស់, សីលធម៌ល្អប្រពៃ និងរស់នៅក្នុងបរិស្ថានដែលមានផាសុខភាព និងមានកិត្យានុភាពលើឆាកអន្តរជាតិ នៅឆ្នាំ២០៥០។

អាទិភាពសំខាន់ៗចំពោះមុខ គឺការបន្តកែទម្រង់ស្ថាប័នសាធារណៈ និងអភិបាលកិច្ច ដើម្បីសំដៅសម្រេចឱ្យបាននូវរដ្ឋបាលសាធារណៈមួយ ដែលមានសមត្ថភាពខ្ពស់, ខ្លាំង, វៃឆ្លាត និងស្អាតស្អំ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស ដែលជាកត្តាគន្លឹះនៃការអភិវឌ្ឍ និងការកសាងជាតិ ក្នុងរយៈពេលវែង និងការធ្វើទំនើបកម្មសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្ដម វង្សី វិស្សុត បានថ្លែងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះទីស្តីការគណៈមន្ត្រីទាំងអស់ ត្រូវពង្រឹងសមត្ថភាពចំណេះដឹង, ជំនាញ, បច្ចេកទេស និងបន្តចូលរួមអនុវត្តភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់លើគ្រប់បេសកកម្មការងារ ដោយផ្តោតជាពិសេសលើការ រៀបចំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី និងការងារត្រួតពិនិត្យ និងសម្របសម្រួលការរៀបចំតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ និងជាពិសេសការងារសិក្សាស្រាវជ្រាវ និងត្រួតពិនិត្យឡើងវិញលើឯកសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលកំពុងអនុវត្តក្នុងគោលដៅធ្វើឱ្យខ្លឹមសារនៃ ឯកសារគតិយុត្តិទាំងនោះ មានភាពត្រឹមត្រូវ, មានសង្គតិភាព, មិនជាន់គ្នា, មិនលើស, មិនខ្វះ និងព្រមទាំងឆ្លុះបញ្ចាំងនូវបរិការថ្មី នៃការអភិវឌ្ឍ និងចរន្តនិន្នាការក្នុងប្រទេស និងក៏ដូចជានៅលើសាកលលោក។

ទន្ទឹមនេះគ្រប់អង្គភាពទាំងអស់ ក៏ត្រូវរៀបចំផែនការ លើកកម្ពស់សមត្ថភាពការងារ និងការទទួលខុសត្រូវរៀងខ្លួន ក្នុងនាមជាអ្នកសម្របសម្រួល រវាងរាជរដ្ឋាភិបាល ជាមួយក្រសួង-ស្ថាប័នសាម៉ី ពាក់ព័ន្ធនឹងការរៀបចំរបាយការណ៍ កំណត់បង្ហាញ និងឯកសាររដ្ឋបាលពាក់ព័ន្ធផ្សេងៗទៀត ដោយធ្វើយ៉ាងណាធានាឱ្យបាននូវភាពច្បាស់លាស់ ការសម្ងាត់ រហ័ស និងគ្រប់ជ្រុងជ្រោយ ដើម្បីលើកជាយោបល់ជូននាយករដ្ឋមន្ត្រី ធ្វើការពិនិត្យ និងសម្រេចបានត្រឹមត្រូវ និងទាន់ពេលវេលា។

ឯកឧត្តមបានថ្លែងអំណរគុណ និងលើកទឹកចិត្តដល់ឯកឧត្តម លោកជំទាវ និងមន្ត្រីរាជការទាំងអស់ ឱ្យបន្តខិតខំបំពេញភារកិច្ចរៀងៗខ្លួន ដោយប្រកាន់គោលការណ៍ គុណភាព, ប្រសិទ្ធភាព, សមិទ្ធកម្ម និងគុណាធិបតេយ្យ។ បន្ថែមលើនេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់ទីស្តីការគណៈរដ្ឋមន្ត្រីត្រូវ៖១.បំពេញការងារប្រកបដោយវិជ្ជាជីវៈ គោរពវិន័យ គោរពច្បាប់ លិខិតបទដ្ឋាន និងគោរពក្រមសីលធម៌វិជ្ជាជីវៈ។២.បំពេញការងារជាក្រុម ដោយឈរលើស្មារតីនៃប្រយោជន៍ និងគុណតម្លៃរួម ចេះសម្របសម្រួលគ្នា ចេះជួយគ្នា និងចេះចែករំលែក។៣.ប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម ច្នៃប្រឌិត និងឈរលើគោលការណ៍ដោះស្រាយបញ្ហា តែមិនបង្កើតបញ្ហា។៤.ចេះទទួលយកការរិះគន់ដោយស្ថាបនា ចេះស្តាប់ទស្សនៈ ឬគំនិតផ្សេងពីខ្លួន និងចេះធ្វើស្វ័យទិះទៀន។

ឯកឧត្ដមបានរំលឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់របស់ទីស្តីការគណៈរដ្ឋមន្រ្តី កុំឱ្យភ្លេចនូវអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបំពេញការងារ គឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។

ជាមួយគ្នានោះ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់ទីស្តីការគណៈរដ្ឋមន្ត្រីនាអាណត្តិកន្លងមក៕

អត្ថបទដែលជាប់ទាក់ទង